ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ អគ្គិភ័យដែលឆាបឆេះឃ្លាំងស្តុកសារធាតុគីមី «ក្លរ» នៅខណ្ឌសែនសុខ សមត្ថកិច្ចពន្លត់បានដោយជោគជ័យហើយ ប្រើអស់ទឹក៥០ឡាន, មូលហេតុប្រតិកម្មសារធាតុ «ក្លរ»

ចែករំលែក៖

ភ្នំពេញ៖ ករណីអគ្គិភ័យដែលឆេះឃ្លាំងស្តុកសារធាតុគីមី «ក្លរ» ស្ថិតនៅជិតបុរីឈូកវ៉ា៣ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នោះ ពេលនេះសមត្ថកិច្ចពន្លត់បានដោយជោគជ័យហើយ មិនបង្កឲ្យមានការរីករាលដាលទៅកន្លែងផ្សេងនៅក្បែរនោះឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះថា ទីតាំងខាងលើមានម្ចាស់ឈ្មោះ ឈុន ណាវ៉េត ភេទស្រី អាយុ២៣ឆ្នាំ ហើយមូលហេតុដែលនាំឲ្យមានករណីអគ្គិភ័យ នេះគឺបណ្ដាលមកពីប្រតិកម្មសារធាតុគីមី «ក្លរ»។

បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ត ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន២៨គ្រឿង ប្រើទឹកអស់៥០ឡាន ក្នុងនោះរថយន្តការិយាល័យបង្ការនិងពន្លត់អគ្គិភ័យចំនួន២១គ្រឿង ប្រើទឹកអស់ចំនួន៤៣ឡាន, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វា៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន។

នាយការិយាល័យរូបនេះបានអះអាងទៀតថា ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ពោលគឺគ្រាន់តែបំផ្លាញទ្រព្យសម្បត្តិនៅក្នុងឃ្លាំងស្តុកសារធាតុគីមីតែប៉ុណ្ណោះ៕ ដោយ ៖ រ៉ារ៉ា


ចែករំលែក៖