ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាល​ជប៉ុន ប្តេជ្ញា​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​ខែល​មី​ស៊ី​លរបស់ខ្លួន ​ក្នុងការ​ឆ្លើយតប​ប្រឆាំង​មី​ស៊ី​ល​កូរ៉េខាងជើង

ចែករំលែក៖

អន្តរជាតិ៖ នៅក្នុងសន្និសីទព័ត៌មានមួយកាលពីថ្ងៃទី ១២ ខែតុលាម្សិលមិញនេះ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato ប្រកាសថា៖ រដ្ឋាភិបាលជប៉ុន បានប្តេជ្ញាបង្កើនសមត្ថភាពប្រព័ន្ធខែលមីស៊ី ដើម្បីឆ្លើយតបនឹងការគំរាមកំហែងដោយសព្វាវុធរបស់កូរ៉េខាងជើងដែលក្រុងតូក្យូចាត់ទុកថាមានលក្ខណៈកាន់តែចម្រុះនិងស្មុគស្មាញ ចំពោះការតាំងចិត្តនេះធ្វើឡើងក្រោយទីក្រុងព្យុងយ៉ាងបានធ្វើព្យុហយាត្រាដ៏សម្បើមមួយកាលពីចុងសប្ដាហ៍មុន ដែលដាក់បង្ហាញសព្វាវុធកាន់តែមានអំណាចជាងមុន នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP

លោកប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនរូបនេះ បាននិយាយថា៖ «​ដើម្បីឆ្លើយតបនឹងការគំរាមកំហែងដែលមានលក្ខណៈចម្រុះនិងស្មុគស្មាញនេះយើងនឹងធ្វើការយ៉ាងម៉ឺងម៉ាត់ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធខែលមីស៊ីគ្រប់ជ្រុងជ្រោយរបស់យើង​»​ បន្ថែមពីនេះលោកKato បញ្ជាក់ថា រដ្ឋាភិបាលជប៉ុន ទទួលស្គាល់ថា សមត្ថភាពប្រព័ន្ធខែលមីស៊ីជប៉ុន នៅមានកម្រិតក្នុងការឆ្លើយតបប្រឆាំងមីស៊ីរបស់កូរ៉េខាងជើង

ទោះជាយ៉ាងក្តី លោកប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនរូបនេះ បានបដិសេធលម្អិតលើការវាយតម្លៃរបស់ជប៉ុនលើសមត្ថភាពមីស៊ីដែលដាក់បង្ហាញដោយកូរ៉េខាងជើង ដោយលោកបានសង្កត់ធ្ងន់ថា ជប៉ុននឹងបន្តសហការជាមួយសហរដ្ឋអាមេរិកនិងប្រទេសពាក់ព័ន្ធផ្សេងទៀតដើម្បីការពារប្រជាជនជប៉ុន

សូមជម្រាបថា នៅថ្ងៃទី១០ ខែតុលាសប្ដាហ៍មុន កូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាដ៏សម្បើមដើម្បីប្រារព្ធខួបទី៧៥ឆ្នាំនៃការបង្កើតបក្សពលករ ដែលបក្សកាន់អំណាច និងបក្សនយោបាយតែមួយគត់ក្នុងប្រទេសនេះ ក្នុងក្បួនព្យុហយាត្រានេះ កូរ៉េខាងជើង បានសម្ញែងមីស៊ីបាលីស្ទិអន្តរទ្វីប​(ICBM) ដែលមានទំហំធំជាងអ្វីដែលក្រុងព្យុងយ៉ាងធ្លាប់ដាក់បង្ហាញកន្លងមក ហើយក៏មានដាក់បង្ហាញមីស៊ីបាលីស្ទិដែលបាញ់ចេញពីនាវាមុជទឹកផងដែរ

គួររម្លឹកផងដែរថា ក្រោមការដឹកនាំជិតឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រី អាបេស៊ិនហ្សូ ប្រទេសជប៉ុនបានពង្រីកតួនាទីលើឆាកអន្តរជាតិរបស់យោធាខ្លួនក្រោមសម្ព័ន្ធភាពសន្តិសុខជប៉ុន​-​សហរដ្ឋអាមេរិក ព្រមទាំងបង្កើនកញ្ចប់ថវិកាការពារជាតិរៀងរាល់ឆ្នាំផងដែរ ចំណែកអ្នកស្នងតំណែងពីលោកអាបេគឺនាយករដ្ឋមន្ត្រីថ្មី ស៊ូហ្កា យូស៊ីហ៊ីដេ និងរដ្ឋាភិបាលលោកក៏រំពឹងបង្កើតគម្រោងមីស៊ីថ្មីមួយនាចុងឆ្នាំនេះផងដែរ៕ដោយ៖ស តារា


ចែករំលែក៖