ភ្នំពេញ៖ វិធីធ្វើត្រីបំពងឆាបន្លែជូរអែម ឆ្ងាញ់ គឺមានគ្រឿងផ្សំ៖ ត្រី ៣៥០ក្រាម,ម្នាស់ ៨០ក្រាម,ម្ទេសហាវៃ ៤០ក្រាម,ខ្ទឹមបារាំង ៣០ក្រាម,ប៉េងប៉ោះ ១-២ផ្លែ,ម្ស៉ៅឆា ១ស្លាបព្រាបាយ លាយជាមួយទឹក ៥ស្លាបព្រាបាយ,ទឹកខ្មេះ ២ស្លាបព្រាបាយ,ស្ករស ២ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ទឹកប៉េងប៉ោះ ៣ស្លាបព្រាបាយ,ម៉្សៅបំពង ១ចានចង្កឹះ។
ចំពោះវិធីធ្វើគឺងាយៗបំផុត គ្រាន់តែសុភាពនារីៗ មេផ្ទះយើងរៀនធ្វើតាមរបៀបដូចខាងក្រោម៖
ទី១-យកម្នាស់ ម្ទេសហាវៃ ខ្ទឹមបារាំង និងប៉េងប៉ោះ មកចិតជាចំណិតៗ ឬជាដុំៗល្មម តាមចំណូលចិត្ត(បន្លែអាចដាក់តាមចំណូលចិត្ត) ហើយទុកមួយអន្លើ។
ទី២-យកត្រីធ្វើហើយលាងឲ្យស្អាត កាត់កង់ៗ ឬជាដុំៗល្មម (តាមចំណូលចិត្ត) រួចដាក់ប្រឡាក់ជាមួយម៉្សៅបំពង ហើយយកទៅដាក់បំពងឲ្យឆ្អិនក្រៀមល្មម រួចស្រង់ទុកមួយអន្លើ ។
ទី៣-ដាំខ្ទះដាក់ប្រេងឆាចូល រួចដាក់បន្លែចូល ម្នាស់ ម្ទេសហាវៃ ខ្ទឹមបារាំង និងប៉េងប៉ោះឆាចូលគ្នាឲ្យបន្លែឆ្អិនបន្តិច។
ទី៤-បន្ទាប់មកដាក់ទឹកប៉េងប៉ោះ ទឹកស៊ីអ៊ីវ ស្ករស និងទឹកខ្មេះចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចចាក់ម្សៅឆាដែលលាយជាមួយទឹកចូលឆាច្របល់ឲ្យឡើងខាប់ល្មម ហើយដាក់ត្រីបំពងចូលឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច…ថាឆ្ងាញ់ៗមែន រសជាតិប្លែកមាត់រកឯណាបាន រៀនភ្លាមចេះភ្លាមនោះ៕
ប្រភព៖ អ៊ាង សុផល្លែត