ខេត្តកំពង់ស្ពឺ៖ មិនខុសអ្វីពីការព្យាកររបស់ឧតុនិយមនោះទេហើយអ្វីដែលជាក់លាក់បំផុតគឺបន្ទាប់ពីថ្នាក់ដឹកនាំខេត្តបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នកាលពី ២ម៉ោងមុនឱ្យប្រជាពលរដ្ឋមានការយកចិត្តទុកដាក់រំដោះខ្លួនចេញពីចំណុចប្រឈមមុខទៅកាន់ទីទួលសុវត្ថិភាពពេលនេះគឺទឹកកំពុងតែវាយប្រហារមកលើភូមិនានាជាច្រើននៅក្រុងច្បារមនក្នុងនោះថ្នាក់ដឹកនាំខេត្តក៏បានអំពាវនាវសូមឲ្យមានការប្រុងប្រយ័ត្នជាពិសេសសូមឱ្យបងប្អូនប្រជាពលរដ្ឋរៀបចំអីវ៉ាន់ហ្នឹងធ្វើដំណើរទៅកាន់ទីទួលសុវត្ថិភាពចៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុដោយចៃដន្យណាមួយ។
លោកវុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺកាលពីអំឡុងម៉ោង ២៖១០នាទីរសៀល ថ្ងៃទី ១៤ ខែតុលាឆ្នាំ២០២០ក្នុងផេកហ្វេសប៊ុក ផ្លូវការផ្ទាល់របស់លោកបានបញ្ជាក់ថា”សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថានៅ ២ ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក។ ក្នុងខ្លឹមសារបានបញ្ជាក់ថា សេចក្តីដូចបានជម្រាបជូនខាងលើសូមពុកម៉ែមាមីងបងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ”។
ក្នុងនោះផងដែរលោកអភិបាលបានណែនាំដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ដើម្បីត្រៀមបង្ការក្នុងការឆ្លើយតបបន្ទាន់ជាមួយគ្រោះទឹកជំនន់ដែលកើតឡើងជាយថាហេតុនាពេលនេះ÷
-មន្ទីរធនធានទឹកត្រូវតាមដានត្រួតពិនិត្យអំពីការប្រែប្រួលនៃស្ថានភាពទឹក ដើម្បីផ្ដល់ជាព័ត៌មានដល់អាជ្ញាធរពាក់ព័ន្ធមន្ទីរអង្គភាពពាក់ព័ន្ធងាយស្រួលក្នុងការត្រៀមបង្ការ និង ការសង្គ្រោះបន្ទាន់។
-មន្ទីរកសិកម្មត្រូវត្រៀមថ្នាំពេទ្យសម្រាប់ជួយព្យាបាលសត្វដែលកើតជំងឺក្នុងពេលទឹកជំនន់។
-មន្ទីរសុខាភិបាលត្រូវត្រៀមសម្ភារៈឧបករណ៍ថ្នាំពេទ្យដើម្បីទុកជួយព្យាបាលដល់ប្រជាពលរដ្ឋដែលមានជំងឺក្នុងពេលមានទឹកជំនន់។
-មន្ទីរសាធារណការ និង មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវត្រៀមគ្រឿងចក្រ រួមមានអេស្កាវ៉ាទ័រ អាប៊ុល ឡានដឹកដី សម្រាប់បង្ការករណីសង្គ្រោះបន្ទាន់ដែលមានទឹកជំនន់ជន់លិចផ្លូវ។
-អាជ្ញាធរមូលដ្ឋានត្រូវតាមដានព័ត៌មានពីមន្ទីរធនធានទឹកក៏ដូចជាព័ត៌មានដែលផ្ដល់ដោយប្រជាពលរដ្ឋ និង ប្រញាប់ធ្វើការដោះស្រាយបន្ទាន់ក្នុងករណីជួបប្រទះត្រូវរាយការណ៍សុំយោបល់ពីថ្នាក់លើរបស់ខ្លួនឲ្យបានទាន់ពេលវេលា នឹង ត្រូវពន្យល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ទៅលើចាស់ជរា កុមារតូចៗមុនគេ។
ពាក់ព័ន្ធការប្រើប្រាស់កម្លាំងក្នុងការអន្តរាគមន៍ជួយជម្លៀសប្រជាពលរដ្ឋពីក្នុងភូមិមកកាន់ទីទួលសុវត្ថិភាពនេះដែរលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ប្រាប់ថាកម្លាំងកងរាជអាវុធហត្ថចំនួន ១៧១ នាក់បានត្រៀមនឹងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលត្រូវជម្លៀសពីកន្លែងដែលទឹកត្រូវលិចទៅកាន់ទីទួលសុវត្ថិភាព ។
ចំណែក លោកឧត្តមសេនីយ៍ទោ សំ សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ប្រាប់ថាកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន៤៥៩ នាក់បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋពីតាមបណ្តាភូមិទឹកលិចមកកាន់ទីទួលសុវត្ថិភាព។ពេលនេះកម្លាំងប្រដាប់អាវុធទាំងបីប្រភេទកំពុងតែមមាញឹកក្នុងការជម្លៀសប្រជាពលរដ្នពីចំណុចប្រឈមមកកាន់ទីទួលសុវត្ថិភាពយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕សេនាស័ក្តិ