ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ “ ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ រងគ្រោះដោយសារជំនន់ទឹកភ្លៀងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទកាកបាទក្រហមខេត្ត លោកបានសម្រេចផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លា ជូនដល់សាខាកាកបាទក្រហមខេត្តបាត់ដំបង ១ម៉ឺនដុល្លា និងសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ១ម៉ឹនដុល្លា ដើម្បីជួយសម្រួលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តទាំងពីរនេះ។

លោក គួច ចំរើន បានឲ្យដឹងថា ក្នុងគ្រាដែលប្រជាពលរដ្ឋខេត្តបាត់ដំបង និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានឧបត្ថមថវិកាជូនដល់សាខាកាកបាទក្រហមខេត្តបាត់ដំបង ចំនួន $១០,០០០(ដប់ពាន់ដុល្លារអាមេរិកគត់) និងសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចំនួន$១០,០០០(ដប់ពាន់ដុល្លារអាមេរិកគត់) សម្រាប់ជួយសម្រួលទុក្ខលំបាករបស់បងប្អូនយើងដែលកំពុងរងគ្រោះ។

លោកអភិបាលខេត្តបន្តថា បើយោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បាន​ឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី១៥ខែតុលា ឆ្នាំ​២០២០នេះ មានពលរដ្ឋ​ប្រមាណជា ៤ម៉ឺន ៨សែន​គ្រួសារ ឬ​ស្មើ​នឹង ជិត២០ម៉ឺននាក់បានរងគ្រោះ​ដោយសារ​ជំនន់ទឹក ភ្លៀង ក្នុងនោះក៏​មាន​មនុស្ស១៣នាក់បានស្លាប់។

បើតាម​របាយការណ៍ដដែល ក្នុងរយៈ​ពេល​ទឹក ជំនន់ប៉ុន្មានថ្ងៃមកនេះ មានពលរដ្ឋប្រមាណ ៣ពាន់គ្រួសារ ឬប្រមាណជាង ១ម៉ឺននាក់ ត្រូវ​បាន​ជម្លៀស​ ខណៈ​ផ្ទះជិត ៥ម៉ឺនខ្នងរងផលប៉ះពាល់ និងសាលារៀន ៤២៥កន្លែងត្រូវទឹកលិច។ ជាមួយគ្នានេះដែរ ស្រូវប្រមាណជាង ១៣ម៉ឺនហិកតាហិកតាត្រូវលិចទឹក និងខូចខាតប្រមាណជាង ៦ពាន់ហិកតា។

សូមបញ្ជាក់ថា គិតត្រឹម​ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ នេះ មានរាជធានីខេត្ត​សរុបចំនួន ១៩ហើយ​បាន​រងគ្រោះ​ដោយ​ជំនន់ទឹកភ្លៀង ក្នុងនោះ​រួម​មាន៖ខេត្ត​ពោធិ៍សាត់, ប៉ៃលិន, បន្ទាយ មានជ័យ, ភ្នំពេញ, បាត់ ដំបង, ស្វាយរៀង, ឧត្តរមានជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ, កោះកុង, ព្រះវិហារ, ស្ទឹង ត្រែង, កំពង់ចាម, កណ្តាល និង​កំពង់ធំ៕

ដោយ៖ស តារា


ចែករំលែក៖