ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សចំនួន ៣២៤គ្រួសារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានបន្តផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សចំនួន ៣២៤គ្រួសារទៀត រស់នៅភូមិចំនួន៨ ក្នុងសង្កាត់ព្រះពន្លា សង្កាត់អូរអំបិល និងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋ​ លោកស្រី ហួន ច័ន្ទបូរ៉ា​ នាយិកា ​នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា​​ បាន​ពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីអាណិតអាសូរ​ និងសូមចូលរួមការសោកស្តាយជាមួយប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់រហ័សនាពេលនេះ​ ព្រមទាំងបានពាំនាំសារអំពាវនាវពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ៖

* សូមគិតគូរពីសុវត្ថិភាព​ និងបង្កេីនការប្រុងប្រយ័ត្ន​ពីគ្រោះថ្នាក់ដែលបង្កឡេីងដោយទឹកជំនន់ ជាពិសេសកុមារ​ៗ​ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ។

* សូមគិតគូរថែទាំសុខភាពឱ្យបានល្អ​ រក្សាអនាម័យស្អាត​ និងបរិភោគទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។

* សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍​ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល​ និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។ 

* សូមប្រុងប្រយ័ត្ន​ និងការពារកុំឱ្យកេីតមានជំងឺគ្រុនឈាម និងគ្រុនឈីក។

សូមបញ្ជាក់ថា​ គ្រួសាររងគ្រោះនីមួយៗទទួលបាន​ ៖​ អង្ករ​ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងទឹកស៊ីអ៊ីវ៦ដប៕

ដោយ៖ សិលា


ចែករំលែក៖