ភ្នំពេញ ៖ នារីជានិស្សិតឆ្នាំទី៤ម្នាក់ បានស្រែកទ្រហោយំរត់មករកសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ ខណៈដែលរូបនាងជិះម៉ូតូចេញទៅធ្វើការក៏ត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេចកាលពីវេលាម៉ោងម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅជិតសាលាវ៉ាន់ដា ផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ ចន រស្មី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន និងជានិស្សិតឆ្នាំទី៤ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារដែលគាត់បាត់បង់រួមមានទូរស័ព្ទចំនួន២គ្រឿង ម៉ាកiphone Xមួយគ្រឿង និងម៉ាកហួវៃមួយគ្រឿង, អត្តសញ្ញាណប័ណ្ណ២សន្លឹក, កាត់ATM ចំនួន២សន្លឹក និងលុយមួយចំនួន។
តាមសម្តីនារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកេីតហេតុ រូបនាង បានជិះម៉ូតូម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិកចេញពីផ្ទះជួលក្នុងគោលបំណងទៅធ្វើការនៅម្តុំកោះពេជ្រ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីផ្សារដើមគទៅ។លុះមកដល់ចំណុចកេីតហេតុក៏ស្រាប់តែលេចមុខ ក្រុមជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងមិនចាំស្លាកលេខ បានមកធ្វើសកម្មភាពឆក់យកកាបូបរបស់នាង ដែលស្ពាយជាប់ខ្លួនយកទៅបាត់ដោយសុវត្ថិភាពតែម្តង ។
ប្រភពបានបន្តទាំងទឹកភ្នែកនិងអារម្មណ៍សោកស្ដាយទ្រព្យសម្បត្តិថា បន្ទាប់ពីត្រូវជនសង្ស័យឆក់យកកាបូបនាងហើយ រូបនាងភ័យស្លន់ស្លោមិនដឹងជាទៅណា ក៏បានសម្រេចចិត្តជិះម៉ូតូទៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ដេីម្បីឱ្យសមត្ថកិច្ច ចរាចរណ៍ផ្លូវគោកស្នងការដ្ឋានរាជធានីភ្នំពេញដែលឈរជើងសម្រួលចរាចរណ៍នៅទីនោះជួយធ្វើអន្តរាគមន៍ ហើយពេលទៅដល់សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការនៅទីនោះក៏បានទាក់ទងតាមវិទ្យុទាក់ទងឱ្យខាងសមត្ថកិច្ចមូលដ្ឋានចុះទៅជួបជនរងគ្រោះផ្ទាល់ផងដែរ។ បន្តិចក្រោយមក ឃើញនគរបាលប៉ុស្តិ៍ទំនប់ទឹកមកហើយក៍បាននាំជនរងគ្រោះទៅចង្អុលបង្ហាញកន្លែងកើតហេតុ រួចហើយក៍បន្តនាំទៅសាកសួរនិងដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ។ក្នុង នោះដែរប្រជាពលរដ្ឋលើកឡើងថា ក្នុងសង្កាត់ទំនប់ទឹកមានករណីឆក់ញឹកញាប់ដែរ ហើយពួកគាត់សង្ឃឹមនិងអំពាវនាវដល់លោក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកេងសូមមេត្តារឹតបន្តឹងទៅលើប៉ុស្តិ៍ ជាពិសេសប៉ុស្តិ៍ទំនប់ទឹកព្រោះភាគច្រើនជនសង្ស័យតែងតែធ្វើសកម្មភាពឆក់នៅវេលាទៀបភ្លឺម៉ោង៤ជាងជិតភ្លឺតែម្ដង ៕
ដោយ៖ ជីណា