ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ដោយគាបជាប់ក្នុងរថយន្ត ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ខណៈបើករថយន្តជ្រុលទៅបុករថយន្តទ្រុងធុនធំបើកថយក្រោយចេញពីការាសសាំង។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១០និង១០នាទីយប់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ខាងជើងផ្សារព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តទ្រុងធំម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ3F-0555 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានបត់ស្ដាំចូលស្ថានីយប្រេងឥន្ធនៈតេលា រួចក៏បានបើកថយក្រោយវិញ ពេលនោះឃើញបុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់បើករថយន្ត toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AY-6657 ធ្វើដំណើរមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់បុកទ្រុងរថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់គាបជាប់នៅក្នុងរថយន្ត។ភ្លាមៗនោះអ្នកបើករថយន្តធុនធំបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយបានទំនាក់ទំនងសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្រ