ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា៖ អតីតចៅអធិការវត្តនៅភូមិអូរតាប៉ោង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចផលិត និងរក្សាកាន់កាប់រូបភាពអាសអាភាសកុមារក្រោមអាយុ១៨ឆ្នាំ។ លោកថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ដែលមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមន្ទីរធម្មការ និងសាសនាខេត្ត។
សមត្ថកិច្ចបានបញ្ជាក់ថា៖ អតីតចៅអធិការវត្តដែលកម្លាំងនគរបាលឃាត់ខ្លួនឈ្មោះ នន់ និមល អាយុ៣៧ឆ្នាំ មានទីលំនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយពីការសាកសួរ និងស្តាប់ចម្លើយរបស់ជនសង្ស័យ កម្លាំងជំនាញនៃនាយកដ្ឋានបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។
ចំពោះ ករណីរកឃើញលួចផលិត និងរក្សាទុករូបភាពអាសអាភាសកុមារនោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីចំនួនប៉ុន្មាននាក់នោះនៅឡើយទេ ។ ប៉ុន្តែប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការសមត្ថកិច្ចដែលឃាត់ខ្លួនជនសង្ស័យខាងលើ បានប្រព្រឹត្តអំពើគ្មានសីលធម៌ក្នុងសង្គម ៕
ដោយ៖ សិលា