ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ថៃ៖ ពលរដ្ឋ​គួរតែស្រឡាញ់ជាតិ​ និងរបបរាជានិយម​

ចែករំលែក៖

ក្នុងពេលដែលក្រុមបាតុករ​ប្រឆាំងរដ្ឋាភិបាល និងរាជវាំងថៃ ព្រះមហាក្សត្រ Maha Vajiralongkorn មានព្រះបន្ទូលថា​ «ប្រទេសជាតិត្រូវការអ្នកស្នេហាជាតិ និងរបបរាជានិយម​» ។
មានព្រះរាជបន្ទូលតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី​១៦​ខែតុលា ព្រះមហាក្សត្រ Maha Vajiralongkorn បានអំពាវនាវ​ ដល់ប្រជាពលរដ្ឋ​ថៃទាំងអស់ ស្រឡាញ់ជាតិនិងរបបរាជានិយម ។
ការលើកឡើងរបស់ព្រះមហាក្សត្រ​ថៃ​ ក្រោយពេលព្រះអង្គ​ជួបជាមួយ​ពលរដ្ឋ​នៅតំបន់ភាគខាងជើង ប្រទេសថៃ​ ។ ព្រះអង្គ​មានព្រះរាជបន្ទូលថា​« បទពិសោធន៍របស់អ្នក​ និងចំណេះដឹងដែលអ្នកមាន គឺអាចចែករំលែកដល់ជំនាន់ក្រោយ គឺជារឿងមានប្រយោជន៍។ ប្រទេសជាតិត្រូវការអ្នកស្នេហាជាតិបែបនេះ​និងគោរពរបបរាជានិយមអាស្រ័យធម្មនុញ្ញ»។
ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ ថៃគឺក្រោយពេលដែលទីក្រុងបាងកកគ្របដណ្តប់ដោយ​​បាតុកម្ម ទាមទារកែទម្រង់ និងស្នើឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា លាលែងចេញពីតំណែង​​។ ក្នុងទីក្រុងបាងកកមានបាតុកម្មកើតឡើងរយៈពេល​៣ថ្ងៃជាប់គ្នា បើទោះបី រដ្ឋាភិបាលបានអនុម័តច្បាប់គ្រាមានអាសន្នក្នុងក្រុងបាងកកក្តី ។
កាលពីថ្ងៃទី​១៦ ខែតុលា ​នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា លោកមិនលាលែងចេញពីតំណែងនោះឡើយ។ ជាមួយគ្នានោះដែរ កម្លាំងប៉ូលិសក្នុងទីក្រុងបាងងកកបានប្រើប្រាស់ទឹក​បាញ់បំបែកហ្វូងបាតុករ​បំពានច្បាប់​ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងប្រទេស​ឡើងវិញ ៕ដោយ៖ធី រីណា


ចែករំលែក៖