ព័ត៌មានទាន់ហេតុការណ៍៖

ជូនដំណឹងបន្ទាន់…! ខេត្តកំពង់ស្ពឺ ផ្អាកចរាចរណ៍បណ្តោះអាសន្ន លើផ្លូវជាតិលេខ៤, ៤១ និងផ្លូវខេត្តលេខ១៤១ ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ បានសម្រេចផ្អាកការធ្វើចរាចរណ៍ ជាបណ្តោះអាសន្នលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ (ចាប់ពីព្រៃផ្តៅដល់ផ្លូវខេត្តលេខ១៣០) ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។

សូមជម្រាបថា៖ ការផ្អាកចរាចរណ៍នេះដែរ ដោយសារជំនន់ទឹកភ្លៀងបានជន់លិចលើកកំណាត់ផ្លូវសំខាន់ៗមួយចំនួនក្នុងខេត្ត ដែលធ្វើឲ្យផ្លូវ និងស្ពានមិនអាចទ្រាំទ្រ នឹងទម្ងន់រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទបាន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ 

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាន គឺឲ្យដឹងថា អាជ្ញាធរផ្អាកការធ្វើចរាចរណ៍លើផ្លូវខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។ ទោះជាមានទឹកលិចលើកំណាត់ផ្លូវមួយចំនួននៅខេត្តកំពង់ស្ពឺ ប៉ុន្តែខាងក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា៖ ស្ថានភាពកម្ពស់ទឹកនៅបណ្តោយសណ្តរស្ទឹងព្រែកត្នោត កំពុងបន្តស្រកចុះជាបន្តបន្ទាប់បន្ថែម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ៕

ដោយ៖ សិលា


ចែករំលែក៖