ព័ត៌មានទាន់ហេតុការណ៍៖

កងពលតូចដឹកជញ្ជូនលេខ៩០ បិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី២ ឆ្នាំ២០២០

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរង កងទ័ពជើងគោក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធន់ធ្ងន់ ជំនាន់ទី២ កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក។

យោងតាមរបាយការណ៍ហ្វឹកហ្វឺនបានឱ្យដឹងថា វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី២នេះ មានសិក្ខាកាមសរុបចំនួន៩៤នាក់ យោធាចារ្យចំនួន១១នាក់ អ្នកបម្រើការចំនួន១៥នាក់ មកពីអង្គភាពចំណុះ បញ្ជាការដ្ឋានកងទ័ពជើងគោក និងអគ្គស្នងការនគរបាលជាតិ រយៈពេលសិក្សា៩៣ថ្ងៃ។

ថ្លែងក្នុងពិធីបិទវគ្គ ឧត្តមសេនីយ៍ឯក សួន ខាំឡ បានអំពាវនាវដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារថែទាំសម្ភារបច្ចេកទេសនៅតាមអង្គភាពនីមួយៗ ដើម្បីប្រើប្រាស់នូវគ្រឿងបំពាក់ និងរថយន្តគ្រប់ប្រភេទឱ្យបានយូរអង្វែង។ លោកក៏បានសង្កត់ធ្ងន់ថា គោលបំណងនៃវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់នេះ គឺដើម្បីពង្រឹងគុណភាព និងធនធានមនុស្សគ្រប់វិស័យ ធ្វើការងារគ្រប់គ្រងគ្រឿងចក្រគ្រប់ប្រភេទ និងធ្វើការថែទាំការជួសជុលអោយបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។ សិក្ខាកាមទាំងអស់ ត្រូវចូលរួមការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងការពារសុខសន្តិភាពដែលមាននៅក្នុងពេលបច្ចុប្បន្ននេះឱ្យបានគង់វង្សទៅថ្ងៃអនាគត៕

ដោយ៖ សិលា


ចែករំលែក៖