អតីតខ្សែការពារស្លាបស្តាំអន្តរជាតិរបស់ក្លិប Manchester City និងអាហ្សង់ទីនកីឡាករ Pablo Zabaleta បានចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយបន្ទាប់ពីប្រកបជាកីឡាករអាជីពមានរយៈពេលជិត២ទសវត្សរ៍។
បុរសវ័យ៣៥ឆ្នាំរូបនេះបានប្រកាសពីការសំរេចចិត្តដោយបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមដែលក្នុងនោះគាត់បានថ្លែងអំណរគុណចំពោះអតីតមិត្តរួមក្រុម គ្រូបង្វឹក និងអ្នកគាំទ្រដែលបានផ្តល់ ឱកាសរីករាយជាមួយពេលវេលាប្លែកៗ និងមិនអាចបំភ្លេចបាន ។
នៅលើធ្វីតទ័រលោក Zabaleta បាននិយាយថា “ជាមួយនឹងអារម្មណ៍ជាច្រើនខ្ញុំបានបន្សល់ទុកជាដំណាក់កាលដ៏ល្អបំផុតមួយនៃជីវិតរបស់ខ្ញុំ” ។
ខ្សែការពាររូបនេះបានអវត្តមានពីក្លិបចាប់តាំងពីខែមិថុនានៅពេលដែលគាត់បានចែកផ្លូវជាមួយក្រុម West Ham បន្ទាប់ពីនៅរយៈពេល៣រដូវកាល។ រហូតមកដល់ថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយបានភ្ជាប់គាត់ជាមួយនឹងការផ្លាស់ទៅប្រទេសអេស្ប៉ាញ។
កីឡាករ Zabaleta បានមកដល់ទីក្រុង Manchester ក្នុងឆ្នាំ២០០៨ ដោយឈ្នះជើងឯក Premier League ២ដង, លីកខាប់២ដង និង FA Cup ១ដង មុនពេលដែលលោកផ្លាស់ទៅនៅ West Ham ៕ដោយ៖ភារៈ