ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៥ កាលពីយប់មិញសុទ្ធតែក្រុមខ្លាំងៗ ដោយ ក្រុមម្ចាស់ផ្ទះ Everton បានត្រឹមស្មើក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool ២ទល់២ ខណៈក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានត្រឹមស្មើ៣ទល់៣ជាមួយក្រុមភ្ញៀវ Southampton ។
ចំណែកក្រុមខ្លាំងទាំង២គឺក្រុមមេឃខៀវ Manchester City និងក្រុមបិសាចក្រហម Manchester United បានយកឈ្នះគូប្រកួតរៀងៗខ្លួន ដោយក្រុមមេឃខៀវ Man City បានយកឈ្នះក្រុមខ្លាំង Arsenal ១ទល់០ និងក្រុមបិសាចក្រហម Man United យកឈ្នះក្រុមម្ចាស់ផ្ទះ Newcastle United ៤ទល់១។
ក្រុមភ្ញៀវ Liverpool ធ្វើបានល្អក្នុងតង់ទី១ដោយរកគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះ Everton ១គ្រាប់ដោយកីឡាករ Mane នៅនាទីទី៣ ប៉ុន្តែនៅនាទីទី១៩ កីឡាករ Keane របស់Everton រកបាន១គ្រាប់សងវិញ រហូតដល់ចប់តង់ទី១។ ចូលដល់តង់ទី២ ក្រុមភ្ញៀវហង្សក្រហមបានបន្តរកគ្រាប់បាល់នាំមុខ១គ្រាប់ទៀតនៅនាទីទី៧២ ដោយកីឡាករ Mohamed Salah ប៉ុន្តែត្រូវបានក្រុមម្ចាស់ផ្ទះ Everton បន្តដាក់គំនាបរហូតដល់នាទីទី៨១ ក៏រកបាន១គ្រាប់សងវិញដោយកីឡាករ Calvert-Lewin ធ្វើឲ្យលទ្ធផល២ទល់២នេះបន្តរហូតដល់ចប់ការប្រកួត ហើយនៅនាទីទី៩០ កីឡាករម្នាក់របស់Everton គឺកីឡាករRicharlisonត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមដោយសារតែប៉ះជាមួយកីឡាករក្រុមហង្សក្រហម។
ចំណែកក្រុមតោខៀវ Chelsea បានប្រកួតស្មើ៣ទល់៣ជាមួយក្រុម Southampton ដោយនៅតង់ទី១ ក្រុមម្ចាស់ផ្ទះ Chelsea មានឱកាសរកគ្រាប់បាល់នាំមុខ២គ្រាប់គឺនៅនាទីទី១៥ និងនាទីទី២៨ ដោយកីឡាករ Werner ម្នាក់ឯង ប៉ុន្តែនៅនាទីទី៤៣ជិតចប់ការប្រកួតតង់ទី១ហើយកីឡាករ D. Ings របស់ Southampton រកបាន១គ្រាប់សងវិញ។ ចូលដល់តង់ទី២ នៅនាទីទី៥៧ កីឡាករ Adams របស់ក្រុមភ្ញៀវរកបាន១គ្រាប់បន្ថែមទៀតធ្វើឲ្យលទ្ធផលស្មើគ្នា២ទល់២ ប៉ុន្តែនាទីទី៥៩ កីឡាករ Havertz ជាកីឡាករចំណូលថ្មីរបស់ក្រុមតោខៀវរកបាន១គ្រាប់នាំមុខទៀត ហើយក្រុមម្ចាស់ផ្ទះព្យាយាមដាក់សម្ពាធទៅលើក្រុមភ្ញៀវ ប៉ុន្តែធ្វើឲ្យភ្លាត់ស្នៀតនៅនាទីទី៩០ម៉ោងបន្ថែមទៅហើយ កីឡាករ Vestergaard របស់ក្រុម Southampton រកបាន១គ្រាប់តាមស្មើ ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់តោខៀវបានត្រឹមស្មើជាមួយក្រុម Southampton ៣ទល់៣ ។
ដោយឡែកក្រុមម្ចាស់ផ្ទះមេឃខៀវ Man City បានយកឈ្នះក្រុមកាំភ្លើងធំ Arsenal ១ទល់០ ដែល១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Sterling នៅនាទីទី២៣ ហើយលទ្ធផលនេះបន្ត រហូតដល់ចប់ការប្រកួត។ រីឯក្រុមបិសាចក្រហម Man United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Newcastle United ក្នុងលទ្ធផល៤ទល់១ ហើយ១គ្រាប់ក្រុម Newcastle United គឺជាការធ្វេសប្រហែលរបស់ខ្សែការពារ Shaw ទាល់ចូលទីខ្លួនឯងនៅនាទីទី២ ប៉ុន្តែត្រូវខ្សែការពារមាឌធំ Maguire របស់ក្រុមបិសាចក្រហមសងបាន១គ្រាប់វិញនៅនាទីទី២៣ រហូតដល់ចប់ការប្រកួតនៅតង់ទី១។
ចូលដល់តង់ទី២ ក្រុមភ្ញៀវបានព្យាយាមដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះ ហើយនៅនាទីទី៨៦ ខ្សែបម្រើ Bruno Fernandes រកបាន១គ្រាប់ទៀត និងជិតចប់ការប្រកួតនៅតង់ទី២ទៅហើយ ពោលគឺនៅនាទីទី៩០ ខ្សែការពារស្លាប Wan-Bissaka រកបាន១គ្រាប់ និងនាទីទី៩០+៦ ខ្សែប្រយុទ្ធឆ្នើម Rashford រកបាន១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវបិសាចក្រហម Man United យកឈ្នះក្រុមម្ចាស់ផ្ទះ Newcastle United ក្នុងលទ្ធផល៤ទល់១ ។
សូមបញ្ជាក់ថា លទ្ធផលខាងលើធ្វើឲ្យតារាងចំណត់ថ្នាក់សម្រាប់សប្តាហ៍ទី៥នេះប្រែប្រួល ដោយក្រុម Everton បន្តឈរកំពូលតារាងដដែលមាន១៣ពិន្ទុ, ក្រុមហង្សក្រហម Liverpool ឈរលេខ២មាន១០ពិន្ទុ, ក្រុមកាំភ្លើងធំ Arsenal ឈរលេខ៥មាន៩ពិន្ទុ, ក្រុមមេឃខៀវ Man City ឈរលេខ៩មាន៧ពិន្ទុ ខណៈក្រុមបិសាចក្រហម Man United ឈរលេខ១៤មាន៦ពិន្ទុប៉ុណ្ណោះ ៕ដោយ៖ភារៈ