ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបានហើយឃាតកគឺ ប្រពន្ធក្រោយ ដែលលបកាប់សម្លាប់ប្តីជាអតីតយោធាពិការយ៉ាងព្រៃផ្សៃ នៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ឈ្មោះ ជា សុះ ហៅ រិទ្ធ អាយុ៥២ឆ្នាំ ជាអតីតយោធាពិការ នៅចំណុចលើផ្ទះស្ថិតនៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ។

ក្រោយការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង មានការសម្របសម្រួលនីតិវិធីពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពងស្ពឺ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនឃាតក បានហើយ នោះ គឺ ប្រពន្ធក្រោយរបស់ជនរងគ្រោះ ។

សមត្ថកិច្ច បញ្ជាក់ថា ឃាតកមានឈ្មោះ មៀច ស្រីអុល ជាប្រពន្ធក្រោយរបស់ជនរងគ្រោះ បានសារភាពថា ខ្លួនពិតជាបានប្រើពូថៅមកលបកាប់ជនរងគ្រោះដែលកំពុងដេកលង់លក់នៅលើផ្ទះប្រាកដមែន ។

ឃាតក បន្តថា មូលហេតុនៃអំពើឃាតកម្ម នេះ គឺដោយសារ ចាប់តាំងពីខ្លួនបានរៀបចំសែនព្រេនយកគ្នាជាប្តីប្រពន្ធមក ជនរងគ្រោះផឹកស្រាស្រវឹងគំរាមសម្លាប់ខ្លួនចោលរហូត  ។ ដោយភ័យខ្លាចជនរងគ្រោះសម្លាប់រូបខ្លួន ទើបបានជាខ្លួនទៅសម្លាប់ជនរងគ្រោះអោយបានមុន ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យតាមនីតិវិធី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

 

ដោយ៖សេនាស័ក្ដិ+ចេស្ដា


ចែករំលែក៖