សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៧ខែតុលាបានផ្សាយថា ជាលើកទីមួយក្នុងរយៈពេល ៧០ឆ្នាំកន្លងមកដែលអាមេរិកទើបតែមានទោសប្រហារជីវិតទៅលើស្ត្រីអ្នកទោសម្នាក់។ នេះជាករណីមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៥៣មកទល់ពេលនេះ។
សារព័ត៌មាន CNNបានដកស្រង់ប្រភពព័ត៌មានពីក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា អ្នកទោសស្រី មានឈ្មោះ Lisa Montgomery នឹងត្រូវប្រហារជីវិតដោយចាក់ថ្នាំពុលចូលនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។ ការប្រហារជីវិតធ្វើឡើងនៅទីតាំងហ្វឹកហាត់ ស្ថិតនៅតំបន់Terre Haute រដ្ឋ Indiana។
អ្នកទោសស្រី Lisa Montgomery អាយុ៥២ឆ្នាំ ធ្លាប់ធ្វើឲ្យកក្រើកអាមេរិក ដោយសារតែសកម្មភាពព្រៃផ្សៃរបស់ខ្លួន។ នៅឆ្នាំ២០០៤ អ្នកទោសស្រីរូបនេះបានរឹតកសម្លាប់ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ ហើយវះពោះយកកូន។ ជនដៃដល់បានកាត់ទោសកាលពីឆ្នាំ២០០៧។
តាមឯកសារ នៅមន្ទីរឃុំឃាំងអាមេរិកបានឲ្យដឹងថា ទោសប្រហារជីវិតចុងក្រោយបង្អស់ កាលពី៧០ឆ្នាំមុន ក៏ជាស្ត្រីមានឈ្មោះ Bonnie Heady ដោយប្រហារជីវិតតាមរូបភាពដាក់ចូលក្នុងបន្ទប់ថប់ដង្ហើមគ្មានអុកស៊ីហ្សែននៅឆ្នាំ១៩៥៣។
ក្នុងឆ្នាំ១៩៥៣នោះដែរនាងEthel Rosenberg និងស្វាមីឈ្មោះJulius ត្រូវបានកាត់ទោសប្រហារជីវិតពីបទចារកម្ម ដោយអ្នកទោសជាប្រពន្ធត្រូវប្រហារជីវិតដោយអង្គុយនៅលើកៅអីអគ្គិសនីឆក់។ បច្ចុប្បន្នអាមេរិក នៅមានអ្នកទោស៦០នាក់ដែលត្រូវប្រហារជីវិតនៅតាមបណ្តារដ្ឋនានា៕
ដោយ៖ធី រីណា