ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារសមាគមTYDA ចុះសួរសុខទុក្ខនិងចែកអំណោយជូនគ្រួសាររងគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមើលឃើញនៅទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២០ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមការងារ ចុះសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌ជាច្រើន ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ១,៣០០ គ្រួសារ មកពី៨ឃុំ ស្ថិតនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ក្នុងនោះបានចែកចេញជា៣ទីតាំង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគ្នាក្នុងគ្រាមានអាសន្ន ។ 

ក្នុងពិធីសំណេះសំណាលខាងលើលោកលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំប្រសាសន៍របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ម្ចាស់អំណោយទាំងអស់ បានឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។ 

ទាក់ទងនឹងគ្រោះធម្មជាតិ លោកស្រីបានថ្លែងអំណរ គុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។ ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព មានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាបង្កឡើងដោយទឹក  ។ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ពិសេសកូនតូចៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់ និងសូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម និងគ្រុនឈីក។

ប្រជាពលរដ្ឋដែលទទួលបានអំណោយមនុស្សធម៌ទាំងនេះ ម្នាក់ៗបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះម្ចាស់អំណោយ ដែលបានជួយសម្រាល ក្នុងជីវភាពរបស់ពួកគាត់ កំពុងតែមានការលំបាក គ្រាដែលទឹកជំនន់បាននិងកំពុងលិចលង់ ។

ក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឲ្យឃើញអំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនូវគ្រោះធម្មជាតិ។

បើតាមរបាយការណ៍លោក ឆាយ គឹមម៉ុង អភិបាលស្រុក កណ្តៀង បានអោយដឹងថា ប្រជាពលរដ្ឋក្នុងស្រុកកណ្តៀង មាន៩ឃុំ ក្នុងនោះ៨ឃុំ បាន រងផលប៉ះពាល់ ដោយជនលិចដល់លំនៅឋានចំនួន ១០,៦៣៤ គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនធំ ។

សូមជម្រាបថា ក្នុងឱកាសនោះ លោកស្រីបានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ជាច្រើន ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១,៣០០ គ្រួសារ រួមមាន អង្ករ២៥គីឡូក្រាម,ទឹកបរិសុទ្ធ២កេស, ត្រីខ២០កំប៉ុង ភួយ១ សារ៉ុង១ ថ្នាំពេទ្យ១កញ្ចប់ និងថវិកា១០មុឺនរៀលនិង បានដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ មកពិនិត្យពិគ្រោះជម្ងឺទូទៅ និងផ្តល់ថ្នាំព្យាបាលជម្ងឺស្រាលៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លើសពីនេះបើប្រជាពលរដ្ឋណាមានជម្ងឺធ្ងន់ធ្ងូរក្រុមការងារនិងទទួលយកមកព្យាបាលជូននៅភ្នំពេញដោយអត់គិតថ្លៃ៕

ដោយ៖សូរិយា


ចែករំលែក៖