ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​ដេប៉ូ​ចែក​ចាយ​ឆ្នោតមហាសំណាង​ និង​ស្រាក្រហម​ផេនវ៉ាញ​ខេត្ត​កណ្តាលផ្តល់​អង្ករ​២​តោនដល់​ខេត្តកណ្តាលចូលរួម​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់

ចែករំលែក៖

ខេត្តកណ្តាល៖  ស្របពេលដែល​ខេត្តកណ្តាលកំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ ហើយ​ក្នុងនោះ​មានផ្ទះ​សម្បែងបងប្អូន​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួននៅ​ស្រុក​កណ្តាលស្ទឹង ស្រុកអង្គស្នួលនិង ក្រុងតាខ្មៅត្រូវបាន​លិចលង់ និង​ផ្លូ​វជាតិមួយចំនួនត្រូវបាន​ផ្អាក​ចរាចរណ៍​ជា​បណ្តោះអាសន្ន​សិននោះ អាជ្ញាធរ​ខេត្តកណ្តាល បាននិងកំពុង​រិះរក​គ្រប់​វិធានការ​ដើម្បី​រំដោះ​ការ​ជន់លិច ដោយសារ​ជំនន់​ទឹកភ្លៀង កុំ​ឲ្យ​អូសបន្លាយ​យូរនាំឱ្យប៉ះពាល់​ដល់​សុខភាពនិង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​ក៏​ឃើញ​មាន​ស្ថាប័ន​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ដេប៉ូ​ខេត្តកណ្តាលផ្តល់ជំនួយ​អង្ករ២​តោនមកដល់​ខេត្ត​សម្រាប់​ជួយ​ជា​ជំនួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ​ផងដែរ។ សកម្មភាព​នេះបាន​ឆ្លុះ​បង្ហាញឱ្យឃើញថា ខ្មែរ​គឺ​ចេះ​ជួយ​ខ្មែរ​គ្នាឯង​នៅពេល​ជួប​ទុក្ខលំបាក ហើយ​សង្ឃឹមថានឹង​មានបណ្តា​ក្រុមហ៊ុន​ឯកជន​ផ្សេងៗទៀតចូលរួម​ជាមួយ​រាជរដ្ឋាភិបាលក្នុងការ​រួមចំណែក​ជួយ​ដល់​សង្គម ។​

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ នៅ​សាលា​ខេត្តកណ្តាល លោក ហ៊ុយ​ សុផារិទ្ធ តំណាង​ដេប៉ូ​ចែក​ចាយ​ឆ្នោតមហាសំណាង​ និង​ស្រាក្រហម​ផេនវ៉ាញ​ខេត្ត​កណ្តាលបានផ្តល់​អង្ករ២​តោន ទឹកបរិសុទ្ធ២០កេស មី៤កេសធំ ទឹកស៊ីអុីវ២០យួរ ទឹកត្រី២០យួរ ប្រគល់ជូន​ដល់រដ្ឋបាលខេត្តកណ្តាលសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកណ្តាល។

​ក្នុងឱកាស​ទទួល​ជំនួយ​ជា​អង្ករ២​តោន​នោះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តបាន​សម្តែង​នូវទឹកចិត្ត​កោ​តសរសើរ​ចំពោះ​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង ដែល​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​លើ​ការងារ​សង្គម​ផ្តល់ជំនួយ​ជា​អង្ករ​នេះមក​រដ្ឋបាលខេត្ត​ចាត់ចែង​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការខ្វះខាត​ក្នុង​គ្រោះទឹកជំនន់​នេះ ។

ជាមួយគ្នា​នោះដែរ​លោកអភិបាល​ខេត្តកណ្តាលបានប្រគល់​ជូន​នូវ​លិខិត​ថ្លែងអំណរគុណដល់ក្រុមហ៊ុន​ឆ្នោត​មហា​សំណាងដែល​បាន​ផ្ដល់ជូន​អង្ករ​ចំនួន២​តោន ដើម្បី​ទុក​បម្រុង​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ផ្សេងៗ ដែល​កើតឡើង​ជាយថាហេតុនៅ​មូលដ្ឋាន​ខេត្តកណ្តាល៕ដោយ៖ឆ ដា


ចែករំលែក៖