ភ្នំពេញ៖ ដោយសារក្តីបារម្ភ ពីបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទូទាំងប្រទេស អាចងាយរងគ្រោះដោយយថាហេតុ ពីអ្វីៗបន្ថែម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អនុវត្តនូវ
ការការពារខ្លួន ចំនួន៥ចំណុច ដូចខាងក្រោម៖
ទី១. សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កេីនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់លង់ទឹកស្លាប់នាពេលទឹកជំនន់ដែលបណ្តាលឱ្យមានវិប្បដិសារីអស់មួយជីវិត។
ទី២. សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡេីង និងពេលទឹកស្រកទៅវិញ ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត។
ទី៣. សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា។
ទី៤. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងមានអនាម័យ ហេីយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដេីម្បីស្តារសេដ្ឋកិច្ចគ្រួសារឡេីងវិញ។
ទី៥. សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។
សារអំពាវនាវខាងលេីនេះបានធ្វេីឡេីងក្នុងឱកាសដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជេីញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សនៅតាមស្ទឹងព្រែកត្នោត ចំនួន ៣.៣៨៤គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៩ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ៕
ដោយ៖ សិលា