គណៈបញ្ជាការគ្រប់គ្រងទប់ស្កាត់ជំងឺឆ្លងវៀតណាម បានប្រកាសឲ្យដឹងនៅល្ងាចថ្ងៃទី២១ខែតុលា ថា បានរកឃើញមានករណីឆ្លងថ្មី៣នាក់ គឺចូលពីប្រទេសរុស្ស៊ី និង អង់ហ្គោឡា (Angola) ដែលបានធ្វើចត្តាឡីស័ក។ មកទល់ពេលនេះវៀតណាមមានករណីឆ្លងសរុប១១៤៤នាក់។
ក្នុងចំណោមអ្នកឆ្លង៣នាក់ គឺមានពីរនាក់ម្តាយនឹងកូនមកពីប្រទេសអង់ហ្គោឡា និងម្នាក់មកពីប្រទេសរុស្ស៊ី។ ចំណែកនៅទូទាំងប្រទេសវៀតណាមវិញ គិតដល់វេលាម៉ោង១៨ ថ្ងៃទី២១ខែតុលា មានករណីឆ្លងសរុបនៅទូទាំងប្រទេស ១១៤៤នាក់ ក្នុងនោះមាន ៦៩១នាក់ ឆ្លងក្នុងសហគមន៍ ក្នុងនោះមាន ករណីឆ្លងលើកទីពីរចាប់ពីថ្ងៃទី ២៥ខែកក្កដា ដល់ពេលនេះ មានដល់ទៅ៥៥១នាក់។ ក្រៅពីនេះគឺអ្នកឆ្លងចូលមកពីក្រៅប្រទេសទាំងអស់។
បច្ចុប្បន្នវៀតណាម នៅមានពលរដ្ឋចូលមកពីតំបន់ឆ្លងកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ក មានរហូតដល់ទៅ១៣.៩២៩នាក់ ក្នុងតំបន់ផ្សេងៗគ្នាដើម្បីតាមដានសុខភាព។ វៀតណាមក៏មានករណីស្លាប់៣៥នាក់ និងអ្នកជំងឺព្យាបាលជាសះស្បើយមាន១០៤៦នាក់ផងដែរ។
វៀតណាមជាប្រទេស ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថាជា ប្រទេសដែលទប់ស្កាត់ការឆ្លងកូវីដ-១៩ បានល្អបំផុត ដោយមិនមានករណីឆ្លងច្រើនគ្នុងសហគមន៍នោះឡើយ។ មកទល់ពេលនេះនៅទាំងពិភពលោក មានករណីឆ្លង កើនឡើងដល់ទៅជាង៤១លាននាក់ និងស្លាប់ជាង១,១លាននាក់ ។ ជាមួយគ្នានោះក៏មានអ្នកព្យាបាលជាសះស្បើយកើនឡើងដល់ទៅ ជាង៣០,៦លាននាក់ផងដែរ៕ដោយ៖ធី រីណា