ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះ ក្លឹបកំសាន្ត ៥៥ ទាំងស្រុងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យឆាបឆេះ ទីតាំងក្លឹបកំសាន្ត ៥៥ អស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជិតខាង តែសំណាងល្អមិនបង្កអោយរាលដាលដល់ផ្ទះប្រជាពលរដ្ឋនិងមានមនុស្សរងរបួសឡើយ។ 

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ៥ និង ៤០ នាទីល្ងាច នៅចំណុចក្លឹបកំសាន្ត ៥៥ ស្ថិតនៅចំណុចផ្លូវលេខ៥៥ កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានអោយដឹងថា ចំពោះទីតាំងក្លឹបនេះ គឺត្រូវបានបិទជាយូរមកហើយ តែរាល់ថ្ងៃមានជាងកំពុងវាយកំទេចចោល ខណៈនៅល្ងាចថ្ងៃកើតហេតុនេះ ស្រាប់តែមានហ៊ុយផ្សែង បង្កជាអណ្ដាតភ្លើងឆាបឆេះតែម្ដង។ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងទាក់ទងទៅនគរបាលជំនាញបង្ការនិងពន្លត់អគ្គិភ័យ ចេញជួយបាញ់ទឹកអន្តរាគមន៍ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតខាងទីតាំងក្លឹបនេះ។

ក្រោយពេលកើតហេតុអាជ្ញាធរចុះមកជួយអន្តរាគមន៍និង យកអេស្កាវ៉ាទ័រ មកកាយទំលុះជញ្ជាំងក្លឹប ដើម្បីបង្កការងាយស្រួលក្នុងការជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា។ ក្នុងប្រតិបត្តិការនេះដែររថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុចំនួន១២គ្រឿង សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ២០រថយន្តទើបរលត់ជាស្ថាពរ។ សូមបញ្ជាក់ផងដែរចំពោះការខូចខាតគឺទាំងស្រុង តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ៕ដោយ៖រ៉ារ៉ា


ចែករំលែក៖