ក្រុមបាតុករថៃកាលពីល្ងាចថ្ងៃទី២១ ខែតុលាឆ្នាំ២០២០ បានស្នើដល់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ត្រូវតែលាលែងចេញពីតំណែងក្នុងរយៈពេល៣ថ្ងៃ។
កាលពីយប់ថ្ងៃទី២១ខែតុលា ក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាប្រមូលផ្តុំនៅមុខស្តូបជ័យជម្នះនៅកណ្តាលទីក្រុងបាងកក ហើយនាំគ្នាដដ្ហែក្បួនចូលទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី។ តំណាងក្រុមបាតុករបានប្រកាសថា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ត្រូវតែលាលែងចេញពីតំណែងក្នុងរយៈពេល៣ថ្ងៃខាងមុខទៀត។
ឱសានវាទរបស់មេដឹកនាំក្រុមបាតុករបានបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ។ ក្រុមបាតុករបានប្រកាសថា ពួកគាត់បានផ្ញើលិខិត ទៅកាន់នាយករដ្ឋមន្ត្រីតាមរយៈតំណាងរបស់លោក។ មេដឹកនាំក្រុមបាតុករ លោក Patsaravalee Tanakitvibulpon បានលើកឡើងថា «សង្គ្រាមរបស់យើង នឹងមិនបញ្ចប់នោះឡើយ បើនាយករដ្ឋមន្ត្រីប្រាយុទ្ធ មិនចុះចេញពីតំណែង។ ប្រសិនបើរយៈពេល៣ថ្ងៃ នាយករដ្ឋមន្ត្រីប្រាយុទ្ធ មិនព្រមលាលែងចេញពីតំណែងនោះ លោកនឹងត្រូវប្រឈមការក្រោកឈរឡើងធើ្វមហាបាតុកម្មពីពលរដ្ឋ»។
ក្រោយការប្រកាស លោកPatsaravalee Tanakitvibulpon ក៏ត្រូវបានប៉ូលិសចាប់ខ្លួន ដោយចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្មកាលពីថ្ងៃទី១៥ខែតុលា ។ លោកគឺជាមេដឹកនាំបាតុករម្នាក់ក្នុងចំណោមច្រើននាក់ត្រូវប៉ូលិសថៃចាប់ខ្លួន ក្នុងរយៈពេល២សប្តាហ៍កន្លងមក។
កន្លងមកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា នឹងលុបច្បាប់គ្រាមានអាសន្នក្នុងទីក្រុងបាងកកនាពេលឆាប់ៗដើម្បីបញ្ចប់ការខឹងសម្បាពីពលរដ្ឋ។
ក្រុមបាតុករបានចោទប្រកាន់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ដែលកាន់អំណាចតាំងពីឆ្នាំ២០១៤ មកទល់ពេលនេះ ថាជាអ្នកធ្វើឲ្យការបោះឆ្នោតបាត់បង់អព្យាក្រិឹត ដើម្បីរក្សាអំណាច។ ជាមួយគ្នានេះនាយករដ្ឋមន្ត្រីប្រាយុទ្ធប្រកាសថានឹងមិនលាលែងចេញពីតំណែងឡើយ៕ដោយ៖ធី រីណា