ភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ទី៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានរៀបចំកិច្ចប្រជុំវាយតម្លៃសភាពការណ៍ និងលទ្ធផលនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ រយៈពេល៩ខែ និងលើកទិសដៅបន្ត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និង លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសមាសភាពអញ្ជើញចូលរួមលោកនាយករងមន្ទីរ លោកនាយការិយាល័យ និងលោកនាយរងការិយាល័យ សរុប ៩២នាក់ ។
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងរាយការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រយៈពេល០៩ខែ នៃឆ្នាំ២០២០នេះ របស់សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ១.៣៣៣/១.៣១១ករណី កើន២២ករណី ស្មើ ១,៦៥% ឃាត់ខ្លួន២២០០/២១១២នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ៤០០,៤៩/៤៣,១៣គ.ក្រ រួមនឹងមធ្យោបាយ សម្ភារវត្ថុតាងមួយចំនួនទៀត។ ក្នុងនោះ ៖
-ករណីជួញដូរ ៧៥៩/៦៣៦ករណី កើន ១២៣ករណី ស្មើ១៦% ឃាត់ខ្លួន១១៣៦/៩៤១នាក់ កើន ១៩៥នាក់ ស្មើរ ១៧,១៦%។
-ករណីសំយោគ-កែច្នៃ៣/១ករណី ឃាត់ខ្លួន ៧នាក់/០
-ករណីប្រើប្រាស់ ៥៧១/៦៧៤ករណី ឃាត់ខ្លួន ១០៥៧/១១៧១នាក់។
ដោយឡែករយៈពេល ០២សប្ដាហ៍ដើមខែតុលា ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបករណីធំៗ បានចំនួន ០៥ករណី ឃាត់ខ្លួន ១៣នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបទម្ងន់ ២.១១៣,៣៦គ.ក្រ (ក្នុងនោះសារធាតុញៀនប្រភេទការទីណូនទម្ងន់ ១.៩០០គ.ក្រ) ។
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ រួមជាមួយលោកនាយឧត្តមសេនីយ៍ កែ កឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គួបផ្សំការដកចេញនូវវិធានការគន្លឹះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងអនុវត្តច្បាប់បានបើកកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនយ៉ាងសកម្មផុសផុល និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងនោះករណីធំៗ ៣០ករណី (ទីតាំងកែច្នៃ ០៣កន្លែង) ត្រូវបានបង្ក្រាបដោយចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណជាង ០២តោន ព្រមទាំងចាប់មេក្លោងចំនួន ១១នាក់ និងខ្សែរយៈបណ្ដាញចំនួន ៤៧នាក់។
តាមរយៈការអនុវត្តវិធានរដ្ឋបាលនិងវិធានច្បាប់ ក្នុងកិច្ចបើកប្រតិបត្តិការបង្ក្រាបតាមទីតាំងសប្បាយដ្ឋាន បានជះឥទ្ធពលដល់ ទីផ្សារជួញដូរនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេស។
ជាក់ស្ដែងផ្អែកតាមលទ្ធផលបង្ក្រាបពិនិត្យឃើញករណីប្រើប្រាស់សារធាតុញៀន មានការថយចុះ៣,២៨%ធៀបនិងរយៈពេលដូចគ្នានៅឆ្នាំ២០១៩។
ការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ រួមទាំងប្រជាពលរដ្ឋ និងវិស័យឯកជន ក្នុងការផ្លាស់ប្ដូរនិងផ្ដល់ព័ត៌មានទាន់ពេលវេលា គួបផ្សំសមត្ថភាពបទបិសោធទ៍របស់មន្ត្រីអនុវត្តច្បាប់ និងឧបករណ៍បច្ចេកទេសផងនោះ បានធ្វើឲ្យកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបកាន់តែមានប្រសិទ្ធភាព។ ជាក់ស្ដែងករណីលួចដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់កម្ពុជា ១៦ករណីធំៗ ទៅប្រទេសទី៣ ត្រូវបានបង្ក្រាប ក្នុងនោះ តាមផ្លូវគោក ០៧ករណី តាមផ្លូវអាកាស ០៣ករណី តាមកញ្ចប់បញ្ញើប្រៃសណីយ៍ចំនួន ០៥ករណី និងផ្លូវទឹកចំនួន ០១ករណី ដែលមានបរិមាណសារធាតុញៀនសរុបប្រមាណ ២៩៣,៤២គ.ក្រ ៕
ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានលើកឡើងថា «នេះជាលទ្ធផល និងជាគុណសម្បត្តិរបស់កងកម្លាំងយើង ក្នុងកិច្ចប្រតិបត្តិការកន្លងមកគឺយើងទទួលបានលទ្ធផលគួរជាទីមោទនៈ ដែលមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសយើងចាប់បានគ្រឿងញៀន និងសារធាតុផ្សំជិត ៣តោនកាលពីពេលថ្មីៗនេះ ។ ប៉ុន្តែយើងក៏នៅមានចំណុចខ្វះខាត ចន្លោះប្រហោងមួយចំនួន ពាក់ព័ន្ធនឹងជំនាញ បច្ចេកទេសផងដែរ ដែលត្រូវទាមទារឲ្យកម្លាំងយើងខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ។
មុននឹកបិទកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានដាក់ទិសដៅបន្តចំនួន៦ចំណុច ដល់នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ដើម្បីបន្តជំរុញការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋភិបាល ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ។
នៅក្នុងកិច្ចប្រជុំវាយតម្លៃសភាពការណ៍ និងលទ្ធផលនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល៩ខែ (ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០) នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា ទិសដៅទាំង៦ចំណុចនោះរួមមាន ៖
១-បន្តជំរុញការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព
២-បន្តជំរុញការស្រាវជ្រាវស៊ើបអង្កេតបណ្តាករណីធំៗ ដែលនៅសេសសល់ ដើម្បីបង្រ្កាបឲ្យដល់ប្ញសគល់
៣-បន្តស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសសម្អាតប្រាក់ ដែលជាផលនៃបទល្មើសគ្រឿងញៀន
៤-បន្តជំរុញអនុវត្តវិធានការស្រាវជ្រាវស៊ើបអង្កេត បង្ការ ទប់ស្កាត់ និងបង្រ្កាបការនាំចូល ការលួចលាក់កែច្នៃ និងការជួញដូរប្រើប្រាស់នៅតាមគោលដៅសប្បាយដ្ឋាន ដោយត្រូវពង្រឹងការតាមដានគ្រប់គ្រងត្រួតពិនិត្យសកម្មភាពនៅតាមបន្ទាត់ព្រំដែន ព្រមទាំងអនុវត្តនូវវិធានការរដ្ឋបាល និងវិធានការច្បាប់យ៉ាងតឹងរឹងបំផុត ដោយអនុវត្តតាមស្មារតីនៃពាក្យស្លោករបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ «៣កុំ ១រាយការណ៍»។
៥-ពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន ជាមួយដៃគូសហប្រតិបត្តិការទាំងក្នុងនិងក្រៅតំបន់ ដោយខិតខំកសាង និងពង្រឹងយន្តការទំនាក់ទំនងឲ្យបានច្បាស់លាស់ ។
៦-ពង្រឹងសមត្ថភាពមន្រ្តី នៃការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងលើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ តាមរយៈការបណ្តុះបណ្តាលសមត្ថភាពជំនាញនិងច្បាប់។ ទន្ទឹមនោះ បង្កើនការគាំទ្រលើកទឹកចិត្ត និងពង្រឹងវិន័យ សីលធម៌ មនសិការវិជ្ជាជីវៈដល់កងកម្លាំង។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អំពីការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាតាមវិធានរបស់ក្រសួងសុខាភិបាល ថ្វីត្បិតតែកម្ពុជាយើងការថែរក្សា ការប្រយុទ្ធប្រឆាំងមានលទ្ធផលល្អ តែយើងត្រូវតែប្រុងប្រយ័ត្នបន្ថែមទៀត ត្រូវរក្សាគម្លាត ពាក់ម៉ាស់ បាញ់អាល់កុល ឬជែល ជាប្រចាំ ជាពិសេសត្រូវណែនាំអប់រំដល់បងប្អូនក្រុមគ្រួសារឲ្យបានយល់ដឹងពីវិធីការពារវីរុសដ៏កាចសាហាវមួយនេះ ៕ដោយ៖ស សម