ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ទីបំផុត…!សមត្ថកិច្ចឃាត់ខ្លួនប្តីមិនទាន់រៀបការ ដែលបាញ់សម្លាប់ប្រពន្ធក្នុងរថយន្ត តែមិនស្លាប់ នៅស្រុកក្រឡាញ់ បានហើយ

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប បង្ហើបប្រាប់ ថា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ សមត្ថកិច្ចបានឃាត់ខ្លួនប្តីមិនទាន់រៀបការ ដែលបាញ់សម្លាប់ប្រពន្ធក្នុងរថយន្ត តែមិនស្លាប់ នៅស្រុកក្រឡាញ់ បានហើយ ។

ជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង និង កំពុងបញ្ជូនបន្តមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២៖៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ នៅចំណុចភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

តាមការរៀបរាប់ របស់នារីរងគ្រោះ ដែលមានអាយុ២៧ឆ្នាំ បានអោយដឹងថា នៅវេលាកើតហេតុ រូបនាងត្រូវបានប្តី ពុំទាន់បានរៀបការ បាញ់សម្លាប់ក្នុងរថយន្ត ត្រូវចំណុចលើសុដន់ផ្នែកខាងឆ្វេង បៀមគ្រាប់ជាប់ក្នុងសាច់ តែសំណាងល្អ នាងមិនស្លាប់ ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅ ស្រែកអោយគេជួយ ។

ស្របពេលនោះ កម្លាំងនគរបាល និង កម្លាំងប្រជាការពារ ដែលការពារ សន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះ បានជួយសង្គ្រោះទាន់ពេលវេលា និង បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជនរងគ្រោះ បានបន្តទៀតថា ជនបង្កដែលជាប្ដីអត់ខាន់ស្លា ឈ្មោះ ចាន់ ផល ហៅចាន់ ពៅ  ឬ គុជ ផល្លី អាយុ៥៧ឆ្នាំ ។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក៏បានទៅសួរសុខទុក្ខនារីរងគ្រោះដល់មន្ទីរពេទ្យផ្ទាល់ផងដែរ ៕

ដោយ៖ចេស្តា


ចែករំលែក៖