ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីសិក្ខាសាលាតាមអ៊ីនធឺណិត​លើកទីពីរ​ស្ដីអំពី «ការនិយាយអំពីអាជីវកម្ម​ជាមួយ Facebook» នៅកម្ពុជា ចែក​រំលែកគន្លឹះ​​​ផ្នែកផ្សព្វផ្សាយទីផ្សារ សម្រាប់អាជីវកម្ម​ខ្នាត​តូច

ចែករំលែក៖

រាជធានីភ្នំពេញ៖ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ – អាជីវកម្ម​ខ្នាត​តូច និងមធ្យម​នៅកម្ពុជា ​កំពុង ​ប្រឹងប្រែងសម្រប​ខ្លួន​ទៅ​នឹង​បញ្ហាប្រឈម​ផ្នែកសេដ្ឋកិច្ច ដែលបង្កឡើង​ដោយ​រោគរាត​ត្បាត កូរ៉ូណា ហើយ​ក្នុងនោះអាជីវកម្មជា​ច្រើន​​កំពុង​តាមដាន​មើល ដំណើរឌីជីថលនីយកម្ម​យ៉ាងលឿន ​នៃសេដ្ឋកិច្ច ​ក្នុង​ស្រុក ដើម្បីមាន​ឱកាស​​ក្នុងការ​ទទួលបានជោគជ័យ​សម្រាប់អាជីវកម្ម។

ដើម្បីជួយគាំទ្រ​ដល់អាជីវកម្ម​ខ្នាត​តូចនៅកម្ពុជា ហើយជួយ​ឲ្យ​សហគ្រិនអាច​សម្រេច​បាន​នូវ ជោគជ័យក្នុងការធ្វើអាជីវកម្ម​តាមអនឡាញ ក្រុមហ៊ុន Facebook បាន​​រៀប​ចំ​សិក្ខាសាលា​តាម អ៊ិនធឺណិតលើកទីពីរ ជាភាសាខ្មែរ នៅក្នុងភាគកម្មវិធី “និយាយអំពីអាជីវកម្ម​ជាមួយ Facebook” ដែលមានវាគ្មិន​ជាអ្នកជំនាញ​​​ផ្នែកផ្សព្វផ្សាយទីផ្សារ​ឌីជីថល និង​ពាណិជ្ជកម្ម​តាមបណ្ដាញ​សង្គម និង​ពាណិជ្ជកម្មបែប​សន្ទនា។

សិក្ខាសាលា​កាលពីពេលថ្មីៗនេះ​ត្រូវបាន​​ផ្សាយ​ផ្ទាល់នៅលើទំព័រ Facebook កាលពីថ្ងៃទី ពុធ (២១ តុលា) លោក ហែម សុបញ្ញា នាយកក្រុមហ៊ុន Httpool ​ប្រចាំប្រទេស​កម្ពុជា​ ជា​ដៃគូទទួលសិទ្ធិ ផ្ដាច់ មុខ​ផ្នែក​លក់​របស់ ក្រុមហ៊ុន Facebook នៅកម្ពុជា បាន​បង្ហាញអំពី​ឧត្តមានុវត្តន៍​ក្នុងការ​បង្កើត​ ខ្លឹមសារ​ដែលទាក់ទាញ ការ​កសាង​ទំព័រ Facebook ការគ្រប់គ្រង​​ការ​ផ្សាយពាណិជ្ជកម្ម និង​ការ ផ្សព្វ​ផ្សាយ​ឲ្យ​ដល់ទស្សនិកជនគោលដៅរបស់យើង ក៏ដូចជា​គន្លឹះជា​ច្រើនទៀត។

វីដេអូទីមួយ ដែលអាច​មើល​បាន​ ដោយចុច​ត្រង់នេះ មានការ​ពិភាក្សា​យ៉ាង​រស់រវើក​ស្ដីពី​ ពាណិជ្ជកម្ម​បែបសន្ទនា​ និង​ស្វែង​យល់ពីឱកាស​ថ្មីៗ​សម្រាប់ការ​ប្រើប្រាស់កម្មវិធីនានា ដូចជា Messenger ឬ Instagram ជាដើម ដើម្បី​ឈោង​ទៅចាប់យក​អតិថិជន និង​លក់​ឲ្យបានច្រើន។

លោក សុបញ្ញា មានប្រសាសន៍ថា៖ “ស្របពេលដែលអាជីវកម្ម​ខ្នាត​តូច និង​មធ្យមជា​ច្រើន​កំពុង​ បង្វែរ​ទៅរក​ប្រតិបត្តិការ​តាមអនឡាញ ក្រោយពេល​មានការ​ផ្ទុះជំងឺកូវីដ-១៩ ដូច្នេះ វារឹត​តែ សំខាន់ថែមទៀត ដែលអាជីវកម្មទាំងនោះ ត្រូវធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាពនៃ​ យុទ្ធសាស្ត្រ ​ផ្សព្វផ្សាយទីផ្សារ​ឌីជីថល​​របស់ខ្លួន​នៅ លើកម្មវិធីអនឡាញនានា ដូចជា Facebook និង Instagram ជាដើម”។

លោក​បន្ថែមថា៖ “ការ​និយាយអំពី​អាជីវកម្ម គឺជាវិធីល្អ​​ ដើម្បីជួយគាំទ្រ​ដល់​សហគ្រិន​ខ្នាត​តូច ចែក​រំលែក​គំនិត និង​មតិយោបល់នានា ដើម្បីជួយពួកគេ​ក្នុងការ​ធ្វើ​ឲ្យ​ក្រុមហ៊ុនលូតលាស់”។

អនុសាសន៍ល្អៗ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច និងមធ្យម គឺ​កសាង​ទំព័រ Facebook ដែលមានផ្សព្វ ផ្សាយ ​ខ្លឹមសារ​ រឹងមាំ និងទាក់ទាញ ចូល​​ឲ្យ​កាន់តែ​ជ្រៅ​ក្នុងការ​ងារ​គ្រប់គ្រងពាណិជ្ជកម្មតាម Facebook ហើយ​ប្រើប្រាស់​ឧបករណ៍នានា​របស់ Facebook ដើម្បីកំណត់វត្ថុបំណង​ និង​វាស់វែង ពីលទ្ធផលនៃការ​ផ្សព្វផ្សាយ។

ចំណុច​សំខាន់មួយដែលត្រូវបានលើកឡើង​អំឡុងសិក្ខាសាលាតាមអនឡាញនោះ គឺថា ដើម្បី​ ឈានទៅរក​គោលដៅ ដែលខ្លួនចង់សម្រេច​ឲ្យបាននៅពេល​ផ្សព្វផ្សាយពាណិជ្ជកម្មលើ Facebook សហគ្រិន​ចាំបាច់ត្រូវផ្ដោត​​លើ​ការ​លក់​ផលិតផល និង​សេវាកម្ម ជាជាង ការ​ចុច Likes និងការ ចូលមក​ប្រាស្រ័យទាក់ទង។

លោក សុបញ្ញា បានបន្ថែមថា៖ “ផ្អែក​តាម​បទពិសោធន៍​​​របស់យើង នៅតាមទីផ្សារ​អាស៊ី និង ​អឺរ៉ុប យើងបានស្វែងយល់អំពីតម្រូវការ​របស់​អាជីវកម្ម​ខ្នាត​តូច ហើយ​ក៏មាន​ជំនាញផ្ទាល់​​ ទាក់ទងនឹង របៀបដែល Facebook អាចជួយ​សហគ្រិនទាំងនោះ​លូតលាស់បាន។ ការ​ប្រើប្រាស់​​ ឧបករណ៍ដែលត្រឹមត្រូវ និង​អនុវត្ត​តាម​គន្លឹះពីអ្នកជំនាញរបស់យើង នោះអាជីវកម្ម​ខ្នាត​តូច និង​មធ្យម​អាច​ឈានទៅរក​គោលដៅ​របស់ខ្លួនប្រកប​ដោយ​ប្រសិទ្ធភាព”។

កម្មវិធីជជែក​ពីអាជីវកម្ម​ ដែលមានការ​ផ្សាយ​ផ្ទាល់តាមអនឡាញនេះ អាចចូលមើលនៅ លើ ទំព័រ Geeks in Cambodia ។ នៅក្នុង​វគ្គក្រោយៗទៀត អ្នកជំនាញ​ខាង​បណ្ដាញព័ត៌មានសង្គម និង​ តំណាង​របស់ក្រុមហ៊ុន Facebook នឹង​ជជែក ក៏ដូចជាឆ្លើយ​សំណួរ​​នានា ទាក់ទិន​នឹង​ការ​ធ្វើ អាជីវកម្ម​នៅលើ Facebook រាប់បញ្ចូលទាំង​មុខងារ Facebook Shops ថ្មី ឬ​ការ​ផ្សព្វផ្សាយទីផ្សារ ​ដោយប្រើ​តារា​ល្បីផងដែរ។


ចែករំលែក៖