ភ្នំពេញ៖ អ្នកមិនទាន់បង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ ត្រូវបំពេញកាតព្វកិច្ចពន្ធ ឱ្យបានត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះជាការរម្លឹក របស់អង្គភាព អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់ថា៖ ម្ចាស់យានយន្តដែលមិនទាន់បង់ពន្ធ ត្រូវរួសរាន់មកប្រកាសបង់ពន្ធឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ាក.អ ធានាគារអេស៊ីលីដា ភីអិលស៊ី ឬធនាគារដែលបានចុះអនុស្សរណៈជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ក្នុងករណីខកខានមិនបានបង់ពន្ធតាមពេលកំណត់ម្ចាស់យានយន្តនឹងត្រូវទទួលរងទោសទណ្ឌតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីការបិទបញ្ចប់ប្រមូលពន្ធ។
នេះជាដំណឹងល្អ ដែលបងប្អូនទាំងអស់គ្នា ចូលរួមអនុវត្តតាមការកំណត់របស់ អគ្គនាយកដ្ឋានពន្ធដារ ចៀសវាងការពិន័យ៕
ដោយ៖ សិលា