ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ែន វិបុល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំ អគារ ខ សាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ ក៏មានការត្រួតពិនិត្យ និងបូកសរុបលទ្ធផល នៃការអនុវត្តការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែតុលា ឆ្នាំ២០២០ផងដែរ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានលោក លោកស្រី អភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោកសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះលោកអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់លើការងារជួយដល់ប្រជាពលរដ្ឋក្នុងកំឡុងពេលប្រទេសកម្ពុជា ក៏ដូចជាខេត្តស្វាយរៀង ទទួលរងនូវឥទ្ធិពលព្យុះនានាបណ្តាលឲ្យមានជំនន់ទឹកភ្លៀងកន្លងមកនេះ ដូចជាការរួមសាមគ្គីគ្នាទប់ទឹកនៅកំណាត់ផ្លូវស្ពានតាហោ និងផ្លូវក្រវ៉ាត់ក្រុង ជាពិសេសក្នុងកិច្ចការពង្រឹងសន្តិសុខសុវត្ថិភាព ការអនុវត្តច្បាប់ចរណ៍ផ្លូវគោកថ្មី ការឧបត្ថម្ភគាំទ្រជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដោយជំងឺកូវីដ១៩ និងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាដើម។

ទន្ទឹមនេះលោកអភិបាលខេត្ត ក៏បានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗមួយចំនួនដូចជា ៖

១- មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តតាមដានអំពីស្ថានភាពអាកាសធាតុ និងស្ថានភាពកម្ពស់ទឹកនៅក្នុងខេត្តឲ្យបានជាប្រចាំ ដើម្បីរដ្ឋបាលខេត្តមានវិធានការ ទុកជាមុនក្នុងករណីកម្ពស់ទឹកមានការកើនឡើង។

២- មន្ទីរកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តចុះពិនិត្យទិន្នផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងផលប៉ះពាល់ដំណាំដោយជំនន់ទឹកភ្លៀងកន្លងមក ដើម្បីត្រៀមពូជស្រូវ និងដំណាំផ្សេងៗផ្ដល់ជូនប្រជាពលរដ្ឋនៅពេលទឹកស្រក។

៣- អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តការសហការអនុវត្តវិធានការសុខាភិបាលទៅលើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ។

៤- មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យជួសជុលបន្ទាន់នូវកំណាត់ផ្លូវណា ដែលរងការខូចខាតខ្លាំង ដោយជំនន់ទឹកភ្លៀង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មកររោងចក្រ។ 

៥-រដ្ឋបាលក្រុង ស្រុក ត្រូវជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងកិច្ចអនុវត្តកាតព្វកិច្ចបង់ពន្ធអចលនទ្រព្យ និងពន្ធមធ្យោបាយធ្វើដំណើរ ឲ្យបានទាន់ពេលវេលា។

៦-ត្រូវបន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន នៅតាមទីប្រជុំជននានា។ 

៧- ពង្រឹងកិច្ចការងារទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងការអនុវត្តច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព៕

ដោយ៖ សិលា


ចែករំលែក៖