ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍ របស់លោកអធិការដ្ឋាននគរបាលស្រុកថ្មគោលបានដឹងថា មានករណីស្ត្រីម្នាក់ស្លាប់(ដោយលង់ទឹក)ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ ៥កើត ខែកក្ដិកឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ០៨និង០០
នាទី នៅចំណុចក្រុមទី២២ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល។
សាកសព ឈ្មោះ វឿង សារៀប ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
បើតាមការបំភ្លឺរបស់ឈ្មោះ វិន សុធា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូរតាគី បានបំភ្លឺថា នៅវេលាម៉ោង០៧និង៥០នាទី មាន ឈ្មោះ គង់ សំអន ភេទ ស្រី អាយុ២៣ត្រូវជាកូនប្រសាររបស់ខ្លួនបានប្រាប់ថា មានសិស្សសាលាពីរនាក់មិនស្គាល់ឈ្មោះ បានប្រាប់ថាឈ្មោះ វឿង សារៀប បានលង់ទឹកស្លាប់ហើយ ពេលនោះខ្លួនក៏បានជួលទូកស្មាច់គេពីផ្សារទួលតាឌុក យកទៅមើល ពេលទៅដល់ក៏បានឃើញឈ្មោះ វឿង សារៀប ជាប្អូនថ្លៃ បានស្លាប់នៅក្នុងទឹកដោយមានឆ្នាំងធំមួយនៅខាងក្រោមសាកសពគាត់។
តាមការពិនិត្យនិងសន្និដ្ឋានរបស់សមត្តកិច្ចអធិការស្រុកថ្មគោលបន្តថា ជនរងគ្រោះស្រវឹងស្រាដើរទៅផ្ទះវិញតាមផ្លូវ ដែលមានជំនន់ទឹកឡើងជិតផ្លូវដើរ ក៏បានរអិលជើងដួលផ្កាប់មុខចូលក្នុងទឹកបណ្ដាលអោយលង់ស្លាប់តែម្តង។
ក្រោយពីសមត្តកិច្ចជំនាញបានពិនិត្យរួចក៏បានប្រគល់សាកសពអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ស សារ៉េត