អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់កាសែត Nikkei Asia នៅថ្ងៃទី២២ខែតុលា ឆ្នាំ២០២០ បានចុះផ្សាយថា៖ ឥណ្ឌា បានផ្តល់នាវាមុជទឹកមួយគ្រឿងដល់មីយ៉ាន់ម៉ា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ខណៈដែលអ្នកជំនាញមើលឃើញថា នេះគឺជាយុទ្ធសាស្ត្ររបស់ឥណ្ឌា ក្នុងការទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់។
បើតាមលោក Anurag Srivastava អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍ក្នុងពេលថ្មីៗនេះយ៉ាងដូច្នេះថា៖ «ក្នុងបរិបទនេះ ឥណ្ឌានឹងផ្តល់នាវាមុជទឹកប្រភេទKilo ទៅឲ្យកងទ័ពជើងទឹកមីយ៉ាន់ម៉ា»។ លោកAnurag បន្ថែមថា អំណោចនាវាមុជទឹកឈ្មោះ INS Sindhuvir នេះ គឺជាការពង្រឹងទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា ជាពិសេសផ្អែកលើចក្ខុវិស័យរបស់ឥណ្ឌាលើបញ្ហាសន្តិសុខ និងកំណើននៅក្នុងតំបន់។
សូមជម្រាបថា នាវាមុជទឹកខាងលើ បានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ១៩៨៨នៅក្នុងកងទ័ពជើងទឹកឥណ្ឌា និងត្រូវបានកែលម្អឡើងវិញដោយកន្លែងសាងសង់នាវាHindustan មុននឹងផ្តល់ទៅមីយ៉ាន់ម៉ា។ នាវាដែលដើរដោយអគ្គិសនី និងប្រេងម៉ាសូតនេះ មានទម្ងន់៣ពាន់តោនអាចស្ថិតនៅក្នុងទឹកបានជម្រៅ ៣០០ម៉ែត្រ និងមានល្បឿនជាង៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកនាវាមុជទឹករបស់មីយ៉ាន់ម៉ាទី១ នេះត្រូវបានប្តូរឈ្មោះថ្មីពី INS Sindhuvir ទៅ UMS Minye Theinkhathu ដែលជាឈ្មោះរបស់វីរៈជនប្រវត្តិសាស្ត្ររបស់មីយ៉ាន់ម៉ា។
ដោយឡែកទាក់ទិននឹងអំណោយខាងលើ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា បានបញ្ជាក់ថា នាវាមុជទឹកឥណ្ឌានឹងបង្កើនសមត្ថភាពរបស់កងទ័ពជើងទឹកមីយ៉ាន់ម៉ាបន្ថែមទៀត។ យ៉ាងណាមិញអ្នកជំនាញយល់ឃើញថា ការផ្តល់នាវាមុជទឹកឲ្យមីយ៉ាន់ម៉ាគឺជាយុទ្ធសាស្ត្ររបស់ឥណ្ឌា ដើម្បីឆ្លើយតបនឹងសកម្មភាពរបស់ចិន ក៏ដូចជា កាត់បន្ថយឥទ្ធិពលចិននៅក្នុងតំបន់។
ជាក់ស្តែងមួយរយៈចុងក្រោយនេះ ទំនាក់ទំនងចិន និងមីយ៉ាន់ម៉ា កាន់តែខិតទៅជិតគ្នា ខណៈចិន និងឥណ្ឌា កំពុងមានភាពតានតឹង។ ប៉ុន្តែដើម្បីទប់ស្កាត់ឥទ្ធិពលចិនមកលើមីយ៉ាន់ម៉ា ឥណ្ឌាបានឲ្យនាវាមុជទឹកមួយគ្រឿងផងដែរ។
គួរបញ្ជាក់ថា តាមរយៈតួលេខលើការនាំអាវុធចូលពីបរទេសចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ មីយ៉ាន់ម៉ា បាននាំចូលអាវុធមកពីរុស្ស៊ីប្រមាណ៤៣ភាគរយ, ចិនមាន ៤១ភាគរយ, ឥណ្ឌាមាន៤ ភាគរយ និងប្រទេសផ្សេងទៀត។ ឥណ្ឌា និងមីយ៉ាន់ម៉ា មានព្រំដែនគោកជាប់គ្នាចំនួន១៦០០គីឡូម៉ែត្រ និងព្រំដែនទឹក ៧២៥គីឡូម៉ែត្រ៕

ដោយ៖ស តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច