ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានប្រកាសថា បើទោះបីសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START មិនត្រូវបានបន្ត តែរុស្ស៊ីមានសមត្ថភាព ធានាដល់សន្តិសុខរបស់ខ្លួនអាចទប់ស្កាត់រាល់អាវុធទំនើបៗនៅលើលោកនេះបាន ។
លោកពូទីនបន្តទៀតថា សន្តិសុខរុស្ស៊ីនឹងមិនរងផលប៉ះពាល់នោះឡើយ ប្រសិនបើមិនបន្តសន្ធិសញ្ញា New START។ ប៉ុន្តែ លោកបារម្ភ ថាពិភពលោកនឹងគ្មានអនាគតនោះឡើយ ការប្រកួតប្រជែងអាវុធនឹងកើតមានឡើង ពិភពលោកធ្លាក់ក្នុងអសន្តិសុខជាមិនខាន។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំអនឡាញ ពិភាក្សាស្តីពីValdaiលើកទី១៧ ប្រធានាធិបតីពូទីនបានបញ្ជាក់យ៉ាងច្បាស់ថា «យើងនឹងមិនតោងជាប់សន្ធិសញ្ញានោះឡើយ បើប្រទេសផ្សេងទៀតមិនឲ្យតម្លៃដល់សន្ធិសញ្ញានោះ ហើយយើងក៏មិនអាចបញ្ចុះបញ្ជូលគេឲ្យផ្លាស់ប្តូរទស្សនៈនោះដែរ។
កាលពីដើមសប្តាហ៍កន្លងមករុស្ស៊ីបានប្រកាសថា នឹង«បង្កក»ក្បាលគ្រាប់បរមាណូទាំងអស់របស់ខ្លួន ប្រសិនបើអាមេរិកព្រមព្រៀងធ្វើដូចគ្នានោះ។
សន្ធិសញ្ញា New START រវាងរុស្ស៊ីនឹងអាមេរិក ធ្វើឡើងក្នុងរដ្ឋកាលអតីតប្រធានាធិបតីរុស្ស៊ី លោកDmitry Medvedev និងអតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់អូបាម៉ា ដោយបានចុះហត្ថលេខានៅឆ្នាំ២០១០ ហើយមានប្រសិទ្ធភាពនៅថ្ងៃទី ៥ខែកុម្ភៈឆ្នាំ២០១១ បញ្ចប់នៅថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២១៕
ដោយ៖ធី រីណា