ព័ត៌មានទាន់ហេតុការណ៍៖

កុលាលភាជន៍ដែលបានពីការស្តារប្រឡាយនៅបរិវេណប្រាសាទព្រះខ័ន ត្រូវបានយកមករក្សាទុកដើម្បីជួសជុល

ចែករំលែក៖

ខេត្តសៀមរាប៖ កុលាលភាជន៍ចំនួន១៩ ថ្មដុសថ្នាំចំនួន២ អង្រែកិនថ្នាំ១ និងបំណែកកុលាលភាជន៍ចំនួន៣០ ដែលបានពីការស្តារប្រឡាយនៅបរិវេណថ្នាលបណ្តុះកូនឈើប្រាសាទព្រះខ័នកាលពីដើមឆ្នាំ២០២០ ត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកដើម្បីជួសជុល  នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

តាមការបញ្ជាក់របស់លោក ញ៉ែម រស្មី មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា កុលាលភាជន៍និងថ្មកិនថ្នាំដែលរកឃើញដ៏ច្រើននេះ គឺជីកបាននៅខែមីនា ឆ្នាំ២០២០ នៅពេលក្រុមការងារស្តារប្រឡាយចំនួន១.៧០០ម៉ែត្រនៃបរិវេណប្រាសាទព្រះខ័ន។ វត្ថុបុរាណទាំងអស់នេះ ស្ថិតនៅរាយប៉ាយពីគ្នា ក្នុងជម្រៅ១ម៉ែត្រជាង។ ក្រោយប្រទះឃើញ ក្រុមការងារក៏បានរក្សាទុកវត្ថុបុរាណទាំងអស់ រហូតដល់បញ្ចប់ការស្តារប្រឡាយ ទើបប្រគល់ជូនមជ្ឈមណ្ឌលស្រាវជ្រាវនិងតម្កល់ឯកសារអង្គរយកទៅអភិរក្ស ដោយមានការដឹងឮពីនគរបាលបេតិកភណ្ឌជាសាក្សី។

ចំពោះកិច្ចអភិរក្សវត្ថុបុរាណទាំងអស់នេះ អាជ្ញាធរជាតិអប្សរានឹងយកទៅរក្សាទុក ដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ដុសសម្អាត រួមទាំងជួសជុលឱ្យផុតពីហានិភ័យទុកជាសម្បត្តិជាតិ ពិសេសគឺសម្រាប់សិក្សាស្រាវជ្រាវពីប្រវត្តិបន្ថែមទៀត៕ ស សម


ចែករំលែក៖