ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីអញ្ជើញជួបសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន៥ពាន់គ្រួសារ ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៥ពាន់គ្រួសារទៀត នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាបន្តទៀត នៅព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅនៅក្នុងស្រុកម៉ឡៃ ខេត្តបន្ទាយមានជ័យ ដែលជាខេត្តសមរភូមិក្តៅក្នុងអតីតកាល តែត្រូវបានរាជរដ្ឋាភិបាលពន្លត់ភ្លើងសង្គ្រោម ក្រោយការធ្វើសមាហរណកម្មឆ្នាំ១៩៩៨ ដែលពេលនេះតំបន់ម៉ាឡៃបានក្លាយជាកន្លែងមានសុខសន្តិភាព កន្លែងទីផ្សារ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រោះដោយទឹកជំនន់នេះ និងចូលរួមរំលែកទុក្ខ ចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទោះជាយ៉ាងណាក៏ដោយ ពេលនេះពេលយើងកំពុងមានទុក្ខនោះ គឺមានកម្លាំងមហាជនជាច្រើនបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋយើង ដែលរហូតមកដល់ពេលនេះយើងទទួលបានការបរិច្ចាគថវិកាពីបណ្តាសប្បុរសជនប្រមាណជាង៨លានដុល្លារ។ សម្តេចតេជោបានបន្តទៀតថា ក្នុងកាលៈទេសៈនេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ផង រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង។
ក្នុងដំណាក់កាលនៃជម្ងឺកូវីដ-១៩នេះ សម្តេចតេជោ នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូងការពារខ្លួនជាប់ជាប្រចាំ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានគិតរួចជាស្រេចហើយថា ក្រោយទឹកជំនន់ រាជរដ្ឋាភិបាលបានត្រៀមពូជស្រូវចំនួន២,០០០តោន ដែលជាពូជស្រូវមិនប្រកាន់រដូវ ដោយក្នុងមួយគ្រួសារនឹងទទួលបាន ១០០គីឡូក្រាម ហើយផ្តល់ជូនសម្រាប់តែអ្នកដែលខូចខាតតែប៉ុណ្ណោះ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋមិនធ្វើស្រូវ តែពួកគាត់ដាំដំណាំនោះ គឺរាជរដ្ឋាភិបាលនឹងផ្តល់នូវពូជចំនួន០៦មុខដំណាំ ដើម្បីទុកបង្ករបង្កើនផលក្រោយទឹកស្រក់វិញ ថែមទាំងមានគ្រឿងចក្រកសិកម្ម មកបម្រើជូនប្រជាកសិករផងដែរ។ សម្តេចតេជោ ក៏បានអោយក្រសួងពាក់ព័ន្ធទាំងអស់ត្រូវមានការវាយតម្លៃនៃការខូចខាតរបស់ប្រជាជនក្នុងពេលទឹកជំនន់ ជាពិសេសក្រសួងកសិកម្ម ដោយយើងដោះស្រាយជូនតែអ្នកដែលខូចខាតទេ។
សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។ សម្តេចតេជោក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខភាពជាអោយបានល្អ ជាពិសេសការការពារការចម្លងការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាជំងឺអសន្នរោគផ្សេងៗ ដែលអាចកើតមានឡើងនៅពេលទឹកជំនន់ និងក្រោយពេលទឹកស្រក ធ្វើយ៉ាងណាត្រូវហូបស្អាត ផឹកស្អាត និងការរស់នៅប្រកបដោយអនាម័យល្អ។ ចំពោះអំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាំពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ទឹកបរិសុទ្ធ១កេះធំ, ឃីត១ (មុង១ ភួយ១ ខ្នើយ១ ក្រមា១ កន្ទេល១) និងថវិកា ៥ម៉ឺនរៀល៕ដោយ៖ស តារា