អន្តរជាតិ៖ ខណៈដែលព្យុះត្រូពិច «ម៉ូឡាវ (Molave) ត្រូវគេរំពឹងថា នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់ចំនួន២ នៃប៉ែកខាងត្បូងកោះធំរបស់ប្រទេសហ្វីលីពីនគឺ លូហ្សុន (Luzon) នាថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០នេះអាជ្ញាធរហ្វីលីពីនបានសម្រេចជម្លៀសប្រជាជនជិត១,៨០០នាក់ ហើយផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រផងដែរ ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី២៥ តុលានេះ បានដកស្រង់ចេញផ្សាយពីអាជ្ញាធរប្រទេសហ្វីលីពីន បានប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នសម្រាប់ខេត្តមួយចំនួន នៅតំបន់ប៊ីខុល (Bicol) និងខាឡាបាហ្សុន (Calabarzon) ដោយព្យុះម៉ូឡាវអាចនឹងបង្កឲ្យមានគ្រោះបំណាក់ដីជាដើម នៅថ្ងៃអាទិត្យនេះ នៅពេលវាធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងកោះ Luzon។
សូមជម្រាបថា ក្រោយពីឆ្លងកាត់ហ្វីលីពីន ព្យុះម៉ូឡាវត្រូវគេរំពឹងថា នឹងបន្តកើនឡើងឥទ្ធិពលនៅសមុទ្រចិនខាងត្បូង ហើយវិវត្តទៅជាប្រភេទព្យុះទីហ្វុងតែម្តងនៅ ល្ងាចថ្ងៃអង្គារ ទី២៧ ខែតុលាខាងមុខនេះ ។
ជាក់ស្តែងប្រជាជនសរុប៥៣២គ្រួសារ ឬស្មើនឹង១,៧៨៩នាក់ នៅតាមបណ្តាខេត្តក្នុងតំបន់ប៊ីខុល ត្រូវបានជម្លៀសខ្លួនទៅកាន់ជម្រកសុវត្ថិភាព។ខណៈការធ្វើដំណើរនានាតាមផ្លូវសមុទ្រ ត្រូវបានផ្អាកជាបណ្តោះអាសន្ន នៅតំបន់ខាឡាបាហ្សុន ដោយមនុស្ស៦៦២នាក់ ត្រូវគេរាយការណ៍ថា ត្រូវជាប់នៅតាមកំពង់ផែ ដោយសារខ្យល់បក់ខ្លាំងក្លាពេក។
គួរបញ្ជាក់ថា ព្យុះត្រូពិចឈ្មោះ Saudel កាលពីសប្តាហ៍មុនទើបតែបានបង្កឲ្យមានគ្រោះទឹកជំនន់ នៅខេត្ត Quezon ក្នុងតំបន់ខាឡាបាហ្សុនភាគអាគ្នេយ៍រដ្ឋធានីម៉ានីល ៕ដោយ៖ស តារា