ព័ត៌មានទាន់ហេតុការណ៍៖

លោកចេង មុនីរ៉ា ណែនាំអោយអាជ្ញាធរសង្កាត់ទាំង៨ ត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ

ចែករំលែក៖

       ភ្នំពេញ៖ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការងាររដ្ឋបាលទូទៅនៅក្នុងខណ្ឌអោយបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំអោយអាជ្ញាធរសង្កាត់ទាំង៨ សហការជាមួយសមត្ថកិច្ច បន្តយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ រៀបចំសណ្តាប់  បរិស្ថានអនាម័យ  មួយផ្នែកទៀតត្រូវរួមគ្នាចុះពិនិត្យនិងដោះស្រាយបញ្ហាទឹកលិចនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ។

      នេះជាការលើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅកាលរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខណ្ឌ ។

      លោកអភិបាលខណ្ឌបានលើកឡើងបន្តថា៖ គណៈបញ្ជាការឯកភាពសង្កាត់ និមួយៗ ត្រូវយកចិត្តទុកដាក់ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ  និង ផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋពីបញ្ហសំរាម ត្រូវវេចខ្ចប់ទុកដាក់នៅតាមទីតាំងដែលបានកំណត់ងាយស្រួលដល់ក្រុមហ៊ុនស៉ីនទ្រីប្រមូលដាក់រថយន្ត ប្រសិនបើក្រុមហ៊ុនប្រមូលសំរាមមានការយឺតយ៉ាវត្រូវសួរនាំពីមូលហេតុអោយបានច្បាស់  មួយផ្នែកទៀតត្រូវចូលរួមទប់ស្កាត់អ្នករកស៊ី រថយន្ត ដឹកដី ដឹកខ្សាច់ ដែលកំពុងធ្វើអាជីវកម្មតាមដងផ្លូវនានា ជាពិសេស អ្នករត់ចាប់ម៉ូយប្រសេចប្រសាចដាក់រថយន្តតាក់ស៉ី ដោយរឹតបណ្តឹងអោយបានខ្លាំង បំផុត នេះជាសកម្មភាពបែបអនាធិបតេយ្យនៅលើដងផ្លូវ  និងចាប់រថយន្តតាក់ស៉ីណាដែលឈប់ចតនៅតាមផ្លូវ ដើម្បីដឹកអ្នកដំណើរ ។  ចំពោះការងារបំរើសេវាសាធារណៈគ្រប់មូលដ្ឋានសង្កាត់ទាំងអស់ រួមទាំងការិយាល័យច្រកចេញ ចូលតែមួយ ត្រូវតែបំរើសេវ៉ាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលាដោយមិន    គឹតពីផលប្រយោជន៍ឡើយ ត្រូវទទួលយកសេវ៉ាតម្លៃតាមដែលបានកំណត់នៅក្នុងតារាតម្លៃស្រាប់ ។ ឆ្លើយតបទៅតាមសំណូមពរ  ហើយដែលយើងអាចធ្វើបាន គឺត្រូវតែធ្វើភា្លម ហើយអ្វីដែលហួសពីសមត្ថភាព យើងត្រូវរាយការណ៍ជូនទៅថ្នាក់លើជាបន្ត។ រាល់បញ្ហាបទល្មើស និង បញ្ហាអវិជ្ជមាននានា ដែលតែងតែកើតមាននាពេលកន្លងមក គឺមានការថយចុះជាបន្តបន្ទាប់។ មូលហេតុនៃការថយចុះបទល្មើសនេះ គឺដោយសារប្រជាពលរដ្ឋបានសហការយ៉ាងល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និង នគរបាលប៉ុសិ៍្តរដ្ឋបាល តាមរយៈការរាយការណ៍បានទាន់ពេលវេលា នូវរាល់ហេតុការណ៍នានា ដែលបាន កើតឡើងក្នុងមូលដ្ឋានរបស់ពួកគាត់ កំពុងរស់នៅ ។

    លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅ មន្រ្តីសង្កាត់ទាំង៨ ត្រូវតែចាត់តាំងអោយមន្រ្តីក្រោមឱវាទរបស់ខ្លួន អង្គុយឃ្លាំមើល អោយបានជាប់ជាប្រចាំ បើសិនជាឃើញជនណាម្នាក់យកសំរ៉ាមមកបោះចោលតាមច្រាំងទន្លេ  នៅចន្លោះគល់ស្ពានព្រះមុនីវង្ស  និងតាមផ្លូវសាធារណៈ ត្រូវចាប់ផាកពិន័យទៅតាមច្បាប់បរិស្ថានដែលបានកំណត់។ ដល់ដំណាក់កាលនេះហើយ ឈប់យោគយល់ និង ធូររលង់ទៀតទៅ ព្រោះនេះវាជារឿងដដែលៗ ដែលយើងបានធ្វើជាច្រើនឆ្នាំកន្លងមក។ ម្យ៉ាងទៀត ច្បាប់ក៍បានចេញដាក់អោយអនុវត្តរួចហើយហើយ  ដល់ពេលយើងត្រូវពន្លត់ភ្លើង ឈប់ចាំតែអង្គុយបក់ផ្សែងទៀតទៅ។

      ដើម្បីអនុវត្តគោលនយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ អោយមានប្រសិទ្ធភាព  លោកអភិបាលខណ្ឌបាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តសហការជាមួយអាជ្ញាធរសង្កាត់-ខណ្ឌ  និង នគរបាលប៉ុស្តិ៍រដ្ឋបាល តាមរយៈការចូលរួមរាយការណ៍ជាបន្ទាន់ នៅពេលមានហេតុការបទល្មើសកើតឡើងចំពោះគ្រួសារយើង និង អ្នកជិតខាងយើង ដើម្បីសមត្ថកិច្ចបង្ក្រាបអោយបានទាន់ពេល។ ការដាក់កំលាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមច្រកល្ហក និងតាមដងផ្លូវសំខាន់នានា ជាប្រចាំ ក៍ជាប្រការមួយសំខាន់បំផុត ក្នុងការទប់ស្កាត់នូវរាល់ការប៉ុនប៉ង ប្រព្រឹត្តបទល្មើសពី សំណាក់ជនអាក្រក់មួយចំនួន  ដោយ៖សណ្តោស


ចែករំលែក៖