ភ្នំពេញ៖ អង្គការWCS បានចេញផ្សាយព័ត៌មានរបស់ខ្លួនថា ខ្លួនបានរកឃើញសត្វស្វាកន្ទុយ(ស)ជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក តែមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។
យោងតាមការអង្កេត សត្វស្វាកន្ទុយ(ស) នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា មានចំនួន៦.៧៥៦ក្បាល ក្រុមវាមានចំនួនថេរក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ខណៈ សត្វស្វាកន្ទុយ(ស)លើពិភពលោកមាន និន្នាការថយចុះ។ នេះបើយោងតាមការ ចេញផ្សាយរបស់អង្គការWCSនៅថ្ងៃទី០២ វិច្ឆិកាឆ្នាំ២០២០ ។ ជារឿយៗវាចូលចិត្តរស់ នៅជាក្រុមតាមដើមឈើខ្ពស់ៗ នៅក្នុងព្រៃ ស្រោង និងព្រៃពាក់កណ្តាលស្រោង។
វារស់នៅជាក្រុមដែលមានចំនួនរហូតដល់ជាង ១០ក្បាល ដោយមានមេ មាន បា និងកូន ជួនកាលក្រុមរបស់វាមានច្រើនរហូត ដល់ ៣០ក្បាល ក៏មានដែរ ។
សត្វស្វាកន្ទុយ(ស) ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ ។ សត្វស្វាប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហមរបស់ IUCN(CR) ជាប្រភេទជិតផុតពូជ បំផុតនៅលើពិភពលោក និងត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីឧបសម្ព័ន១ នៃអនុសញ្ញាCITIES។ ចំនួនស្វាកន្ទុយ(ស)មានការថយចុះ ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់ពីពួកព្រានព្រៃមួយចំនួនតូច ដែលពួកគេតែងតែប្រកបអាជីវកម្មនេះ ៕ ដោយ៖សំរិត