អន្តរជាតិ៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប្រកាសថា៖ មិនចង់ឃើញក្រុងប៉េកាំង បន្តសកម្មភាពខុសច្បាប់បែបឯកតោភាគីនៅតំបន់ដែលរដ្ឋផ្សេងទៀតបានទាមទារកម្មសិទ្ធិនោះទេ។ មិនតែប៉ុណ្ណោះ អាមេរិក ក៏បានបញ្ជាក់ពីចំហក្នុងការធ្វើកិច្ចសហប្រតិបត្តិការការពារសន្តិសុខដែនសមុទ្រជាមួយនឹងរដ្ឋាភិបាលក្រុងហ្សាការតា នៅក្នុងតំបន់មានវិវាទសមុទ្រចិនខាងត្បូង និងច្រកពាណិជ្ជកម្មដ៏មមារញឹកផ្សេងទៀត។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអះអាងនាសន្និសីទសារព័ត៌មានក្នុងទិសដៅចុងក្រោយ នៃដំណើរទស្សនកិច្ចនៅរដ្ឋធានីហ្សាការតាថ្ងៃ២៩ តុលាកន្លងទៅនេះថា រដ្ឋាភិបាលរបស់លោក បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីជួយឥណ្ឌូណេស៊ីការពារសមុទ្រណាទុណា( Natuna) និងច្រកពាណិជ្ជកម្មដ៏មមារញឹកផ្សេងៗទៀត ពីការទាមទារគ្រប់គ្រងដោយឯកតោភាគីដោយចិន។
លោករដ្ឋមន្ត្រី Mike Pompeo បានលើកឡើងថា ច្បាប់របស់ប្រទេសទាំងពីរ មិនទទួលស្គាល់ការទាមទារដោយខុសច្បាប់របស់រដ្ឋាភិបាលចិនក្នុងសមុទ្រចិនខាងត្បូងឡើយ។ លោក បានប្រកាសស្វាគមន៍ពីគំរូរបស់ឥណ្ឌូណេស៊ី ដែលកំណត់យ៉ាងម៉ឺងម៉ាត់បំផុតក្នុងការចាត់វិធានការការពារអធិបតេយ្យជុំវិញប្រជុំកោះណាទុណា (Natuna)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Globe ។
ជាមួយនឹងការប្រកាសពីកិច្ចសហប្រតិបត្តិការនេះ លោករដ្ឋមន្ត្រី ក៏បានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុដល់ឥណ្ឌូណេស៊ី ដើម្បីជាផ្នែកមួយសម្រាប់ឆ្លើយតបបញ្ហាគំរាមកំហែងពីវីរុស Covid-19។ ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីគូសបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក នឹងផ្តល់ជំនួយប្រមាណ ១១ លានដុល្លារសម្រាប់ឥណ្ឌូណេស៊ី ដែលជំនួយនេះ គឺជាផ្នែកមួយនៃជំនួយរបស់អាមេរិកប្រមាណ ២០ពាន់លានដុល្លារសម្រាប់ដោះស្រាយបញ្ហា Covid-19 សកល។
ប្រមុខការទូតអាមេរិករូបនេះ សង្ឃឹមថា អាមេរិក នឹងអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងឥណ្ឌូណេស៊ីក្នុងមធ្យោបាយថ្មីដើម្បីធានាឲ្យនូវសន្តិសុខដែនសមុទ្រ ក៏ដូចជាការពារផ្លូវពាណិជ្ជកម្មមមារញឹករបស់ពិភពលោកដទៃផ្សេងទៀត។
គួរបញ្ជាក់ថា ក្នុងជំនួបចង្អៀតរវាងប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ លោកប្រធានាធិបតី បានបង្ហាញពីចេតនាក្នុងការក្លាយជាមិត្តជិតដិតរបស់អាមេរិក។ លោកប្រធានាធិបតី ក៏ចង់មានកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែស៊ីជម្រៅជាមួយនឹងអាមេរកផងដែរ៕ដោយ៖ស តារា