ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចម្រៀងនារី ដំបូងគេនៅកម្ពុជាមានឈ្មោះថា FGG ត្រូវបានប្រកាសជាផ្លូវការ

ចែករំលែក៖

     ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករវ័យក្មេងជំនាន់ក្រោយ៥រូបដែលមានសមត្ថភាព ទេពកោសល្យ និងរូបសម្រស់ស្រស់សោភា ត្រូវបានគេជ្រើសរើសដើម្បីបង្កើតក្រុមចម្រៀងនារីកម្ពុជាថ្មីលើកទី១នៅកម្ពុជាគឺក្រុមFGGការប្រកាសនេះត្រូវធ្វើឡើងកាលពីរាត្រីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ ២០២០នៅផ្សារទំនើបអុីអនសែនសុខក្រោមវត្តមានផលិតករ សិល្បករ ជាច្រើនចូលរួម។

ក្រុមចម្រៀងបែបស្តង់ដាមួយមុនដំបូងគេនៅកម្ពុជា អ្នកទាំង៥រូបនោះមានដូចជា កញ្ញា មេឡូឌី  កញ្ញា សេលីណា កញ្ញា ម៉ីម៉ី កញ្ញា ឡេមិន និងកញ្ញាមីឡា ដែលពួកគេបានបង្ហាញសមត្ថភាព និងក្បាច់រាំយ៉ាងរស់រវើកក្នុងកម្មវិធីមួយនេះ។ ក្រៅពីក្រុមចម្រៀងថ្មីកម្មវីធីនេះក៏មានការចូលរួមពីសំណាក់ សិល្បករល្បីឈ្មោះ មានដូចជា ព្រះនាងតូច នរោត្តមជេណា កញ្ញារឿន ណាត កញ្ញា កែ ច័ន្ទកេសី លោក ផាត់តាភូ កញ្ញា សុខលីនជាដើម។

តំណាងក្រុមចម្រៀងនារីកម្ពុជាFGG បានបង្ហាញពីក្តីរំភើបរីករាយដែលទទួលបានឱកាសដ៏ធំដើម្បីបង្ហាញសមត្ថភាព ទេពកោសល្យហើយថ្ងៃនេះពួកគាត់នឹងប្រកាសចេញបទចម្រៀងថ្មីលើកដំបូងមានចំណងជើងថា “Heart Beat” ពួកគាត់រំពឹងថានឹងទទួលបានការគាំទ្រថ្មីបន្ថែមដើម្បីជាកម្លាំងចិត្តបន្តពង្រឹងសមត្ថភាពបំពេញការកម្សាន្តរបស់ទស្សនិកជន។

តំណាងក្រុមហ៊ុនFun Entertainment  អ្នកនាង  សំណាង ពុទ្ធានីបានបញ្ជាក់ថា នេះគឺជាកម្មវិធីបង្ហាញពីសក្កដានុពលរបស់ក្រុមចម្រៀងនារីកម្ពុជា ដែលក្រុមហ៊ុនបានបង្កើតឡើង និងជាការឆ្លុះបញ្ចាំងពីការលើកទឹកចិត្ត ផ្តល់ឱកាស ចំណេះជំនាញលើវិស័យសិល្បៈសម្រាប់យុវជនជំនាន់ក្រោយដើម្បីក្លាយជាធនធានមនុស្ស និងជាអ្នកសិល្បៈអាជីព។ នេះក៏ជាឱកាសដែលសិល្បករជំនាន់ក្រោយបានបង្ហាញភាពក្លាហាន សមត្ថភាពទេពកោសល្យបង្ហាញជូនទៅកាន់សាធារណជននិងចាប់ក្តីស្រមៃរបស់ខ្លួន។

លោក ស្រី កុច មារតី អគ្គនាយិការរងទូរទស្សន៍ជាតិកម្ពុជាមានប្រសាសន៍ថា នេះគឺជាឱកាសដ៏ល្អសម្រាប់យុវសិល្បករជំនាន់ក្រោយដែលមានសមត្ថភាព ទេពកោសល្យ រូបសម្រស់ស្រស់សោភា វាក៏ជាឱកាសឲ្យយុវជនទាំងអស់បង្ហាញសមត្ថភាពទាំងការនិពន្ធបទចម្រៀងថ្មី និងបន្តបើកឱកាសសម្រាប់យុវជនក្រោយៗបន្ត។

លោកស្រីបញ្ជាក់ថា ក្រៅពីវិស័យសិល្បៈចម្រៀង Fun Entertainment    ក៏ធ្លាប់ទទួលបានជោគជ័យលើកម្មវិធីធីតាឯកសង្ក្រាន្តឆ្នាំ២០២០រួចមកហើយ ហើយរំពឹងថានឹងទទួលបានជោគជ័យបន្តសម្រាប់ឆ្នាំក្រោយនេះ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖