ព័ត៌មានទាន់ហេតុការណ៍៖

លោក តូនី ប្ល៊ែរ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស សន្យាជួយកៀរគរវិនិយោគល្អៗ ឲ្យប្រទេសវៀតណាម

ចែករំលែក៖

អន្តរជាតិ៖ លោក តូនី ប្ល៊ែរ (Tony Blair) អតីតនាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងកិច្ចសន្ទនាមួយជាមួយនឹងឧបនាយករដ្ឋមន្ត្រី និង លោក ផាមប៊ិញមិញ(Phạm Bình Minh) រដ្ឋមន្ត្រីការបរទេសវៀតណាម កាលពីថ្ងៃ២៧ខែតុលាកន្លងទៅ ដោយកិច្ចសន្ទនានោះភាគីទាំងពីរ បានផ្តោតសំខាន់មធ្យោបាយ និងយុទ្ធសាស្ត្រដើម្បីងើបចេញពីប៉ះពាល់សេដ្ឋកិច្ចវៀតណាមពីវិបត្តិ COVID-19 ការទាញវិនិយោគបរទេសដោយផ្ទាល់ដែលមានគុណភាពទៅកាន់វៀតណាម គឺជាប្រធានចម្បងសម្រាប់មេដឹកនាំទាំងពីរ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News បាននិយាយថា នាកិច្ចសន្ទនាតាមរយៈទូរស័ព្ទជាមួយលោក ផាម ប៊ិញមិញប្រមុខការទូតវៀតណាម លោក តូនី ប្ល៊ែរ បានវាយតម្លៃខ្ពស់ពីភាពជោគជ័យរបស់វៀតណាមក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងវីរុសCOVID-19 និងនៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលមានសេដ្ឋកិច្ចលូតលាស់វិជ្ជមានក្នុងឆ្នាំ២០២០។

លោក តូនី ប្ល៊ែរ និងបច្ចុប្បន្នជានាយកប្រតិបត្តិវិទ្យាស្ថាន Tony Blair Institute for Global Change បានលើកយកតួនាទីនៃការអនុវត្តប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាដើម្បីឆ្លើយតបនឹងវិបត្តិ Covid-19 លោក ក៏បានគូសបញ្ជាក់ពីលទ្ធភាពកិច្ចសហប្រតិបត្តិការអនុវត្តប្រព័ន្ធគ្រប់គ្រងសុខភាពឌីជីថល ដើម្បីឆ្លើយតបនឹងជំងឺឆ្លងរាតត្បាតនៅវៀតណាមផងដែរ។

អតីតមេដឹកនាំកំពូលអង់គ្លេសរូបនេះ បានបញ្ជាក់ពីបញ្ហាសេដ្ឋកិច្ចថា បានមើលឃើញពីការបន្តវិវត្តន៍លើបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែល្អប្រសើររបស់វៀតណាម ក៏ដូចជាដំណើរការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សហភាពអឺរ៉ុបនិងវៀតណាម ( EVFTA) ដែលចំណុចនេះលោក ចាត់ទុកវៀតណាមដូចជា មេដែកមួយសម្រាប់ឆក់យកលំហូរវិនិយោគបរទេសដោយផ្ទាល់របស់សកល។បន្ថែមពីនេះ តូនី ប្ល៊ែរ ដែលធ្លាប់កាន់តំណែងយូរជាងគេរូបនេះ ក៏បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ក្នុងការជួយវៀតណាមទាក់ទាញវិនិយោគដែលមានគុណភាពខ្ពស់ ទៅបណ្តាក់ទុននៅវៀតណាមទៀតផង។

សូមជម្រាបថា នេះមិនមែនជាលើកដំបូងនោះទេ ដែលអតីតនាយករដ្ឋមន្ត្រីអង់គ្លេស បង្ហាញពីគោលជំហរចង់ជួយវៀតណាម ក្រោយបញ្ចប់អាណត្តិជានាយករដ្ឋមន្ត្រីអង់គ្លេស (១៩៩៧ ដល់២០០៧) បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាក្រុមប្រឹក្សាយោល់ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអង់គ្លេស និងសហភាពអឺរ៉ុប ជាមួយនឹងវៀតណាម។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ជាការកត់សម្គាល់ប្រតិភូជាន់ខ្ពស់របស់អង់គ្លេស ក៏ទើបតែបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់វៀតណាមផងដែរ។ក្នុងដំណើរទស្សនកិច្ចនោះ ក្រៅពីការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយវៀតណាមអង់គ្លេស ក៏បានស្វែងយល់ពីនីតិវិធីផ្សេងៗពីវៀតណាមក្នុងដំណើរចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងមុខមាត់ថ្មីរបស់អង់គ្លេស បន្ទាប់ពីចាកចេញជាផ្លូវការពីសហភាពអឺរ៉ុប៕ដោយ៖ស តារា


ចែករំលែក៖