ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យជាចោរឆក់ទូរស័ព្ទដៃអ្នកដំណើរ២នាក់ពេលបានសម្រេចហើយ បានព្យាយាមជិះម៉ូតូគេចខ្លួនពីសំណាញ់ច្បាប់ តែមិនបានសម្រេចព្រោះម្ចាស់ទូរស័ព្ទដេញតាមពីក្រោយ និងស្រែកសុំឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍។
ករណីបង្រ្កាបជនសង្ស័យចោរឆក់ទូរស័ព្ទនេះ បានធ្វើឡើងនៅយប់ថ្ងៃអាទិត្យ ១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុង/ខេត្តពោធិ៍សាត់ ។
នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យជាចោរឆក់ទូរស័ព្ទ ទី១-ឈ្មោះ ធួន រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចម្ការអូរ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់(អ្នកឆក់) និងទី២- ឈ្មោះ ញ៉ែម វិសាល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្ន រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់(អ្នកបើកម៉ូតូ) ។
នគរបាលក្រុងបន្តថា ជនសង្ស័យបានធ្វើសកម្មភាពឆក់យកទូរស័ព្ទគេនៅចំណុចភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ រួចព្យាយាមជិះម៉ូតូរត់គេចពេញខេត្ត ដោយមានម្ចាស់ទូរស័ព្ទដេញតាម និងស្រែកសុំឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ រហូតដល់ចំណុចខាងលើទើបបង្រ្កាបបាន ។
ប្រភពពព័ត៌មានបន្តទៀតថា កម្លាំងសមត្ថកិច្ចដកហូតបានទូរស័ព្ទធ្វើសកម្មភាពបាន១គ្រឿង ទូរស័ព្ទជនសង្ស័យ២គ្រឿង និងម៉ូតូ១គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសាកសួរដើម្បីបន្តនីតិវិធី ៕ ដោយ៖ បុឹម ពិន