ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ៤នាក់ក្នុងបទល្មើសប្រើប្រាស់កាំភ្លើងនិងបានបង្កហិង្សាលើជនជាតិចិនគ្នាឯង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន៤នាក់ជាជនជាតិចិន នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះ នឹងត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តហើយដើម្បីចាត់ការទៅតាមនីតិវិធី។ នេះបើយោងតាមប្រភពពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅល្ងាចថ្ងៃទី២ ខែវិច្ឆិកាកន្លងមកនេះ។

ប្រភពពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថានៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៣និង០០នាទីទៀបភ្លឺ មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍តាមរយៈប្រព័ន្ធហតឡាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា នៅចំណុចបុរីគជ់អាស៊ី ស្ថិតនៅក្នុងភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីជនជាតិចិននិងជនជាតិចិនវាយគ្នា ព្រមទាំងបានផ្ទុះអាវុធ១គ្រាប់ផងដែរ ។បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌឱ្យចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវនិងសាកសួរព័ត៌មាននៅជុំវិញកន្លែងកើតហេតុទើបដឹងថា ក្នុងករណីនេះមានជនរងគ្រោះ២នាក់ ហើយមានម្នាក់រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចិន ថៃខាង ទើបកម្លាំងសមត្ថកិច្ចយើងបានទៅស្វែងរកជនរងគ្រោះទាំង២នាក់។ បន្ទាប់ពីធ្វើការសាកសួរលម្អិតអំពីហេតុការណ៍រួចមក កម្លាំងជំនាញផែនព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ។ ដោយមានការដឹកនាំសម្របសម្រួលផ្នែកនីតិវិធីផ្ទាល់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំង៤ កម្លាំងសមត្ថកិច្ចយើងបានតាមចាប់ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន៤នាក់ ជាបន្តបន្ទាប់ ។

បើតាមលោកឧត្តមសេនីយ៍ទោស្នងការបានឱ្យដឹងថា ក្នុងហេតុការណ៍ហិង្សានេះបានធ្វើឱ្យជនរងគ្រោះ២នាក់រងរបួសមានឈ្មោះ ១- Li Hai Yang ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរម៉ៅការសំណង់នៅម្ដុំគជ់អាស៊ី ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (របួស ស្រាល) ។ ២-ឈ្មោះ SONG WEN LONG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរអចលទ្រព្យ ស្នាក់នៅបច្ចប្បន្ន ក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ( របួសធ្ងន់ត្រង់ក្រោយខ្នងខាងស្ដាំ១ កាំបិត (ប៉ះពាល់ដល់សួត) ,ចំស្មាខាងស្ដាំ ១កាំបិត ,ចំទ្រូងខាងស្ដាំ១កាំបិត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចិន ថៃខាង) ។

ចំណែកជនសង្ស័យឃាត់ខ្លួនបានមាន៤នាក់គឺ ១-ឈ្មោះ JIANG NAN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរថៅកែក្រុមហ៊ុនវ័នធុងលិយូវកុងស៊ឺ ស្នាក់នៅបុរីគជ់អាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។២-ឈ្មោះ RAN SHUBING ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងក្លិបកម្សាន្ត កាសា២ ស្នាក់នៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។៣-ឈ្មោះ LI XIN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរអង្គរក្សថៅកែក្លិបកម្សាន្តកាសា២ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជាជនដៃដល់ និងជាអ្នកដែលមានកាំភ្លើងខ្លី), ៤-ឈ្មោះ WANG YAWEI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។

លោកស្នងការបានបញ្ជាក់ឱ្យដឹងបន្ថែមថា ករណីនេះកើតឡើងដោយសារនៅថ្ងៃកើតហេតុជនរងគ្រោះបានទៅទារប្រាក់ពីជនសង្ស័យ ហើយក៏មានការទាស់ពាក្យសម្តីគ្នារហូតឈានដល់ការប្រើប្រាស់ហិង្សាតែម្តង ហើយក្នុងខណៈពេលដែលកំពុងប្រតាយប្រតប់គ្នា ជនសង្ស័យឈ្មោះ LI XIN មានកាំភ្លើងខ្លីជាប់ខ្លួនក៏បានដកមកគំរាម ហើយជនរងះគ្រោះបានមកប្រតាយប្រតប់ទៀត ទើបបណ្តាលឲ្យផ្ទុះកាំភ្លើងចំនួន១គ្រាប់ ។

វត្ថុតាងចាប់យកបាន៖ កាំភ្លើងខ្លី១ដើម ម៉ាក GLOCK 19 ពណ៌ទឹកប្រាក់-ខ្មៅ (គ្មានលេខសម្គាល់), បង់កាំភ្លើង១,គ្រាប់ ៩mmចំនួន ១៦គ្រាប់,ប្រដាប់ស៊ីឡង់ស្យុើ (ឧបករណ៍សម្រាប់តកាណុងកាំភ្លើងមិនឲ្យឮសំឡេង)១ដើម, រថយន្ត ៣គ្រឿង៖ ១-ម៉ាកព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខៈ ភ្នំពេញ 2BF-6807, ២-ម៉ាក TUNDRA ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2AE-2004, ៣-ម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-5931 ៕

ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖