ព័ត៌មានទាន់ហេតុការណ៍៖

ថៃ៖ ក្រោយដោះលែងសកម្មជនថៃ៤នាក់ ពួកគេអះអាងថា នឹងបន្តការតវ៉ាទម្លាក់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ពីតំណែង

ចែករំលែក៖

អន្តរជាតិ៖ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆកា ឆ្នាំ២០២០ សកម្មជនថៃចំនួន០៤នាក់ រួមទាំងមេដឹកនាំការតវ៉ាប្រឆាំងរដ្ឋាភិបាល និងមេធាវីការពារសិទ្ធិមនុស្សលោក អាណុន ណាំប៉ា (Arnon Nampa) ត្រូវបានដោះលែងវិញហើយ ប៉ុន្តែក្រោយដោះលែងឲ្យមានសេរីភាពវិញពួកគេបានសន្យាថានឹងបន្តប្រយុទ្ធដើម្បីបណ្តេញនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ចេញពីដំណែង និងដើម្បីធ្វើកំណែទម្រង់រាជាធិបតេយ្យនៅក្នុងប្រទេស។

ក្រុមសកម្មជន ០៤នាក់ត្រូវបានដោះលែងខាងលើនេះ បន្ទាប់ពីតុលាការបានសម្រេចថា ប៉ូលីសបានបំពានសិទ្ធិក្នុងការឃុំខ្លួនពួកគេ ប៉ុន្តែពួកគេនៅតែប្រឈមការចោទប្រកាន់ ពីបទបំផ្លាញសណ្តាប់ធ្នាប់សាធារណៈ និងការចោទប្រកាន់ផ្សេងៗទៀតពាក់ព័ន្ធនឹងការតវ៉ា។សកម្មជនទាំងនេះ គឺស្ថិតក្នុងចំណោមមនុស្សជាច្រើននាក់ ដែលត្រូវបានប៉ូលិសចាប់ខ្លួន អំឡុងពេលដែលរដ្ឋាភិបាលដាក់ចេញនូវវិធានជាបន្ទាន់ កាលពីខែមុន ដើម្បីព្យាយាមបញ្ចប់ការតវ៉ា ដែលបានបានបន្តអូសបន្លាយជាច្រើនខែមកហើយនោះ ប៉ុន្តែបានអូសទាញមនុស្សរាប់ម៉ឺននាក់បន្ថែមទៀត ឲ្យចូលរួមការតវ៉ានៅតាមផ្លូវនៅក្នុងទីក្រុងបាងកកទៅវិញ។

លោក អាណុន (Arnon) សកម្មជនមួយរូបក្នុងចំណោមបួនរូប ក្រោយការដោះលែងភ្លាមៗពីពន្ធនាគារមួយនៅទីក្រុងបាងកក លោកបានថ្លែងទៅកាន់ក្រុមអ្នកគាំទ្ររាប់រយនាក់ ដែលប្រមូលផ្តុំគ្នានៅទីនោះយ៉ាងដូច្នេះថា «ពួកយើងចេញពីគុកវិញហើយ ហើយក៏ត្រៀមខ្លួនរួចជាស្រេចដែរ ដើម្បីប្រយុទ្ធម្តងទៀត» លោក Arnon បានបំពានលើបំរាមរិះគន់របបរាជានិយមកាលពីខែសីហាមកម្ល៉េះ ជាពេលដែលលោកបានអំពាវនាវជាចំហ ឲ្យមានការធ្វើកំណែទម្រង់ ដើម្បីទប់ស្កាត់អំណាចរបស់ព្រះមហាក្សត្រ ព្រះបាទមហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)

ជាមួយគ្នានេះ អ្នកដែលត្រូវបានដោះលែងមួយរូបទៀតដែរ គឺលោក ឯកាឆៃ(Ekachai Hongkangwan) និងលោក ស៊ូរ៉ាណាត (Suranat Paenprasert) ដែលប្រឈមនឹងការចោទប្រកាន់ពីបទប្រើអំពើហិង្សាប្រឆាំងនឹងព្រះមហាក្សត្រិយានី នៅក្នុងឧប្បត្តិហេតុមួយ ដែលកាលនោះក្បួនរថយន្តរបស់ព្រះមហាក្សត្រី សុធីតា (Suthida) ត្រូវបានឡោមព័ទ្ធដោយក្រុមបាតុករ។ ការចោទប្រកាន់អាចអនុវត្តទោសប្រហារជីវិត ប្រសិនបើសុវត្ថិភាព ឬព្រះជនរបស់ព្រះមហាក្សត្រិយានីត្រូវបានគេគិតថា បានរងគំរាមកំហែង ហើយក្នុងករណីផ្សេងទៀតពួកគេអាចជាប់ពន្ធនាគាររវាង១៦ឆ្នាំ ដល់អស់មួយជីវិត ប្រសិនបើពួកត្រូវបានរកឃើញថា ពិតជាមានទោសបែបនោះមែន។

សូមជម្រាបដែរថា បាតុកម្មនៅប្រទេសថៃបានផ្ទុះឡើងជាង ៣ខែមកហើយដើម្បីទាមទារឲ្យមានកំណែទម្រង់របបរាជាធិបតេយ្យ ក៏ដូចជាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងបណ្តេញនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចាដែលជាអតីតមេដឹកនាំរបបយោធា ដែលក្រុមបាតុករចោទប្រកាន់លោកថាជាអ្នករៀបចំល្ខោននៃការបោះឆ្នោតកាលពីឆ្នាំ២០១៩ ដើម្បីអាចបន្តរក្សាអំណាច ដែលលោកបានដណ្តើមក្រោយរដ្ឋប្រហារឆ្នាំ២០១៤។

ដោយឡែកទាក់ទិននឹងជុំវិញបញ្ហាខាងលើនេះ ព្រះបរមរាជវាំងទីក្រុងបាងកក នៅតែមិនទាន់ធ្វើកិច្ចអត្ថាធិប្បាយអ្វីឡើយ ចាប់តាំងពីការការតវ៉ាផ្ទុះឡើងដំបូង រហូតមកទល់នឹងពេលនេះ ។ប៉ុន្តែកាលពីថ្ងៃអាទិត្យព្រះមហាក្សត្រថៃបានមានព្រះបន្ទូលយ៉ាងកម្រជាភាសាអង់គ្លេសទៅកាន់អ្នករាយការណ៍នៃសារព័ត៌មាន CHANNEL 4 របស់ចក្រភពអង់គ្លេសអំឡុងពេលទ្រង់យាងចេញស្វាគមន៍ក្រុមអ្នកគាំទ្រ នៅពីមុខព្រះរាជវាំងជាមួយអគ្គមហេសីព្រះអង្គថា «យើងស្រឡាញ់ពួកគេទាំងអស់ (ប្រជានុរាស្ត្រ) ហើយប្រទេសថៃគឺជាទឹកដីនៃការសម្របសម្រួល»

ដោយ៖ស តារា


ចែករំលែក៖