អន្តរជាតិ៖ បើយោងតាមក្នុងលិខិតជូនដំណឹងទៅកាន់សភា ក្រសួងការបរទេសអាមេរិក បានបញ្ជាក់នៅថ្ងៃទី៣ ខែវិច្ឆិកា ម្សិលមិញនេះថា៖ខ្លួនបានផ្ដល់ភ្លើងបៃតងលើការទិញដ្រូនដែលបញ្ជាពីចម្ងាយចំនួនបួនប្រភេទ ពីសំណាក់តៃវ៉ាន់ និងគ្រឿងបរិក្ខារពាក់ព័ន្ធ ដែលមានតម្លៃសរុប៦០០លានដុល្លារ។
ជាក់ស្តែងក្នុងលិខិតជូនដំណឹងទៅកាន់សភា ក្រសួងការបរទេសអាមេរិកបានជូនដំណឹងដល់សភាពីការយល់ព្រមរបស់ខ្លួនលើសំណើទិញដ្រូនតម្លៃ៦០០លានដុល្លាររបស់តៃវ៉ាន់។ នេះជាការយល់ព្រមលើគម្រោងទិញអាវុធមួយទៀតរបស់ទីក្រុងវ៉ាស៊ីនតោន បន្ថែមពីលើគម្រោងទិញអាវុធជាច្រើនមុខកាលពីខែមុន។ ហើយក៏មិនខុសពីលើកមុនៗដែរ ចិនប្រាកដជាក្ដៅស្លឹកត្រចៀកមិនខាន។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP បាននិយាយថា
ក្រសួងការបរទេសអាមេរិក គម្រោងលក់អាវុធនេះ នឹងបម្រើផលប្រយោជន៍ជាតិ សន្តិសុខ និងសេដ្ឋកិច្ចរបស់អាមេរិកតាមរយៈការគាំទ្រតៃវ៉ាន់ក្នុងការបន្តធ្វើទំនើបកម្មអាវុធរបស់ខ្លួន និងដើម្បីធានាសមត្ថភាពការពារខ្លួន។ បន្ថែមពីនេះក្រសួង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «គម្រោងលក់ នឹងជួយបង្កើនសន្តិសុខប្រទេសដែលទិញ និងជួយរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា សេដ្ឋកិច្ច និងដំណើរការក្នុងតំបន់។»
សូមជម្រាបថា ដ្រូនទាំងនេះ សម្រាប់អាមេរិកក៏ជួយពង្រឹងសមត្ថភាពការពារជាតិរបស់តៃវ៉ាន់ តាមរយៈការពង្រឹងសមត្ថភាពស៊ើបការណ៍ និងយកការណ៍ក៏ដូចជាជួយបង្ហាញអានុភាពប្រឆាំងនឹងសកម្មភាពយោធាណាមួយ។ បើទោះមិននិយាយចំ អាមេរិកចង់និយាយសំដៅចិនដែលគំរាមប្រើកម្លាំងទ័ព ដើម្បីគ្រប់គ្រងតៃវ៉ាន់។
គួរបញ្ជាក់ថា ការលក់ដ្រូនខាងលើនេះ ជាគម្រោងលក់អាវុធចុងក្រោយមួយទៀតរបស់អាមេរិកឲ្យតៃវ៉ាន់។ ព្រោះកាលពីសប្ដាហ៍មុនអាមេរិកទើបផ្ដល់ភ្លើងបៃតងលក់មីស៊ីល Harpoon ឲ្យតៃវ៉ាន់តម្លៃ២.៣៧ពាន់លានដុល្លាររួចហើយ។ វាក៏កើតឡើងក្រោយចិនទើបដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកដែលលក់អាវុធឲ្យតៃវ៉ាន់ផងនោះ៕ដោយ៖ស តារា