ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចព្រែកត្របែក ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីបន្លំលួចម៉ូតូ ដោយជនសង្ស័យធ្វើជាសុំខ្ចីម៉ូតូជិះ ហើយក៏ជិះរត់គេចខ្លួន ប៉ុន្តែត្រូវបាននគរបាលតាមបង្ក្រាបបាន។ ជនសង្ស័យ ឈ្មោះ សំ ម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រាំសសរ ឃុំត្រាំសសរ ស្រុកត្រាំកក់ ខេត្តតាកែវ បានបន្លំខ្ចីម៉ូតូគេ១គ្រឿងម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1L-8816 ជារបស់ឈ្មោះ ជន ស្រីអូន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស ហើយក៏ជិះរត់គេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៤ មកដល់ចំណុចភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបកម្លាំងនគរបាលស្ទាក់ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាង។
លោកវរសេនីយ៍ឯក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បញ្ជាក់ថា ជនសង្ស័យរូបនេះក៏ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូគេកន្លងមកដែរ ហើយបច្ចុប្បន្ននគរបាលនឹងចាត់ការបន្តបញ្ជូនទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕
ឆ្លាម សមុទ្រ