ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊ឺមីរ៉ឺម៉កកៀរម៉ូតូ នៅវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចខាងកើតផ្លូវ៥០ ប្រហែល១៥ម៉ែត្រ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
លោក សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត ឲ្យដឹងថា តាមការឲ្យដឹងពីនគរបាលមូលដ្ឋាន ជនរងគ្រោះមានឈ្មោះ ស្រី សារ័ត្នថា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែនៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។
លោកនាយរងការិយាល័យ បានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ធ្វើដំណើរពីទិសខាងកើតទៅលិច ដល់ចំណុចកើតហេតុ ត្រូវបានរថយន្តស៊ឺមីរ៉ឺម៉កបានកៀរហើយម៉ូតូបានជ្រុលទៅបុកពុំនូកខ្សាច់បណ្តាលឲ្យម៉ូតូដួលសង្កត់អ្នកបើកបរទាំងមនុស្ស និងម៉ូតូចូលកង់រថយន្តខាងក្រោយផ្នែកខាងស្តាំ កង់រថយន្តជាន់ពីលើម៉ូតូនិងមនុស្សស្លាប់តែម្តង ។
សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ក្រោយពីនគរបាលជំនាញត្រួតពិនិត្យរួច ឯម្ចាស់រថយន្តបានរត់គេចខ្លួន ។វត្ថុតាងម៉ូតូ និងរថយន្តត្រូវបានយកមករក្សានៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ វណ្ណា


ចែករំលែក៖