សារព័ត៌មានNewsweek បានផ្សាយថា ការបោះឆ្នោតអាមេរិក ឈានចូលថ្ងៃទី២ហើយ ដោយមិនទាន់មានលទ្ធផល ដោយសារតែការរាប់សន្លឹកឆ្នោតមិនទាន់រួចរាល់។ បេក្ខភាពទាំងពីរបានប្រកាសថាខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២០។
នៅយប់ថ្ងៃទី៣ខែវិច្ឆិកា(ម៉ោងនៅអាមេរិក)ប្រធានាធិបតីដូណាល់ ត្រាំបានថ្លែងសុន្ទរកថានៅសេតវិមាន ដោយប្រកាសថា ខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។ លោកត្រាំក៏បានប្រកាសថា នឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូលទាមទាររាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋដែលលោកបៃឌិនយកឈ្នះ ។
ជាមួយគ្នានោះលោកបៃឌិនបេក្ខភាពគណបក្សប្រជាធិបតេយ្យ បានបង្ហាញពីក្តីសង្ឃឹមទទួលបានជ័យជម្នះខ្ពស់ក្នុងរដ្ឋ យុទ្ធសាស្ត្រ ដែលលោកត្រាំបានយកឈ្នះ ក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៦។
កន្លងមក អ្នកនាំពាក្យក្រសួងការបរទេសចិន លោកWang Wenbin កាលពីថ្ងៃទី៤ខែតុលា បានប្រកាសថា ការបោះឆ្នោតអាមេរិក នៅតែបន្តមិនទាន់បញ្ចប់នៅឡើយទេ។លោកបន្តទៀតថា បើទោះបីចិននិងអាមេរិក មានទំនាក់ទំនង មិនល្អនឹងគ្នា កន្លងមក ប៉ុន្តែចិន បានរក្សាគោលជំហរ មិនលូកដៃចូលកិច្ចការផ្ទៃក្នុងអាមេរិកឡើយ។ ជាមួយគ្នានោះដែរ ក្រសួងការបរទេសបារាំង អាល្លឺម៉ង់ រុស្ស៊ី … ក៏មានប្រតិកម្មដូចគ្នានោះដែរ។
ចំណែកអុីរ៉ង់វិញរដ្ឋាភិបាលប្រធានាធិបតីHassan Rouhani បានបញ្ជាក់ថា បើទោះបីបេក្ខភាពណាមួយឡើងកាន់តំណែងប្រធានាធិបតីអាមេរិក ក៏គោលនយោបាយចំពោះអុីរ៉ង់ មិនមានការផ្លាស់ប្តូរនោះដែរ៕ដោយ៖ធី រីណា