ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើលទាំងយប់! រថយន្តក្រុងពន្លះម៉ូតូបណ្តាលឱ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ និងម៉ូតូម៉ាកMSXរងការខូចខាតទាំងស្រុង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តក្រុងបុកម៉ូតូមួយគ្រឿងចំពីមុខពេញទំហឹង បណ្តាលឲ្យស្ត្រីវ័យក្មេងម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកភ្លាមៗ ចំណែកម៉ូតូរងការខូចខាតទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩៖១០នាទីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកជាបួន ជាប់នឹងការាសសាំង LHR ក្នុងភូមិកណ្ដាល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។

បើតាមរបាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយរថយន្តក្រុងរបស់ក្រុមហ៊ុនកីឡាអង្គរ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3E-9921 បើកបរដោយឈ្មោះធឿន ប្រុស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត បច្ចុប្បន្នរស់នៅភូមិព្រែក សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង។ ចំណែកម៉ូតូរងគ្រោះម៉ាកMSX ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី 1E-3534 បើកបរដោយឈ្មោះហុង ស្រីលាភ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្មលាត សង្កាត់ -ក្រុង-ខេត្តស្ទឹងត្រែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ធ្វើឲ្យនារីខាងលើជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់។ ចំណែកម៉ូតូដែលរងការខូចខាតយ៉ាងធ្ងន់និងរថយន្តបង្កខាងលើត្រូវបាននគរបាលផ្នែកចរាចរណ៍ធ្វើការវាស់វែងរួចមកយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការកោះហៅថៅកែរថយន្តក្រុមហ៊ុនខាងលើ មកដោះស្រាយទៅតាមផ្លូវច្បាប់ ៕

ដោយ៖ មាស សុផាត


ចែករំលែក៖