អន្តរជាតិ៖ បើយោងតាមរបាយការណ៍កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា UNEP បានបង្ហាញថា រថយន្តមួយទឹកចំនួនរាប់លានគ្រឿង ដែលត្រូវបាននាំចេញពីអឺរ៉ុប សហរដ្ឋអាមេរិកនិងជប៉ុន ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ មានគុណភាពទាប និងជាការរួមចំណែកដ៏សំខាន់ក្នុងការបំពុលខ្យល់ និងការប្រែប្រួលអាកាសធាតុ។
របាយការណ៍ដដែល បានបញ្ជាក់ថា រថយន្ត រថយន្តដឹកទំនិញ និងរថយន្តក្រុងតូចៗ ដែលប្រើរួចចំនួន១៤លានគ្រឿង ត្រូវបាននាំចេញទៅកាន់ពិភពលោកនៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។ ខណៈរថយន្តចំនួនប្រហែល៨០% នៃត្រូវបាននាំចេញទៅកាន់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម ហើយជាងពាក់កណ្តាលត្រូវបាននាំចេញទៅប្រទេសអាហ្វ្រិក។
បើតាមទីភ្នាក់ងារថាមពលអន្តរជាតិ បានរាយការណ៍ថា រថយន្តដឹកទំនិញធុនស្រាលចំនួន ១,១ ពាន់លានគ្រឿងនៅទូទាំងពិភពលោកនាពេលសព្វថ្ងៃនេះ ត្រូវបានគេរំពឹងថា នឹងកើនទ្វេដងនៅត្រឹមឆ្នាំ២០៥០។
ដោយឡែកនាយកប្រតិបត្តិអង្គការ UNEP អ្នកស្រី Inger Andersen បាននិយាយថា ភាគច្រើននៃកំណើននេះគឺដោយសារតែការនាំចូលរថយន្តប្រើរួចរបស់ប្រទេសកំពុងអភិវឌ្ឍន៍។ អ្នកស្រី Andersen បន្ថែមថា៖ «ប៉ុន្តែទំនោរបច្ចុប្បន្នដែលទីផ្សាររថយន្តប្រើរួចកំពុងចរាចរណ៍មានន័យថា ប្រទេសកំពុងអភិវឌ្ឍន៍ជាពិសេសប្រទេសអាហ្វ្រិក នឹងដើរតួជាកន្លែងបោះ ចោលរថយន្តដែលតែងត្រូវបានគេចាត់ទុកថា លែងមានសុវត្ថិភាពគ្រប់គ្រាន់ឬស្អាតសម្រាប់ប្រទេសអភិវឌ្ឍន៍។ នេះជាបញ្ហានៃភាពត្រឹមត្រូវការគោរព និងសមភាព។ ហើយច្បាស់ណាស់ នេះជាបញ្ហាដ៏សំខាន់សម្រាប់សុខភាពមនុស្ស និងបរិស្ថាន»។
អ្នកស្រី Andersen និយាយថា ការបំពុលខ្យល់នឹងបន្តកើនឡើង ហើយការបន្តនាំចេញរថយន្តមួយទឹកទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ នឹងរារាំងដល់កិច្ចប្រឹងប្រែងដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ខណៈអង្គការសុខភាពពិភពលោកបានរាយការណ៍ថា មនុស្សប្រមាណជា៧លាននាក់បានស្លាប់មុនវ័យជារៀងរាល់ឆ្នាំ ដោយសារតែការបំពុលខ្យល់។
ជាមួយគ្នានេះ អ្នកស្រី Andersen បានគូសបញ្ជាក់ថា អង្គការ UNEP មិនអំពាវនាវឱ្យមានការហាមឃាត់ទាំងស្រុងលើការនាំចេញរថយន្តមួយទឹកទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍នោះទេ។ ប៉ុន្តែអ្នកស្រីនិយាយថា ទីផ្សារគួរតែមានបទប្បញ្ញត្តិគ្រប់គ្រងទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍។ អ្នកស្រីបន្ថែមថា ប្រទេសអភិវឌ្ឍន៍ត្រូវបញ្ឈប់ការនាំចេញរថយន្តដែលមិនគោរពតាមស្តង់ដារសុវត្ថិភាព និងបរិស្ថាន និងរថយន្តដែលមិនត្រូវបានចាត់ទុកថា អាចបើកបរបាននៅតាមផ្លូវនៅក្នុងប្រទេសរបស់ខ្លួន។
បន្ថែមពីនេះអ្នកស្រី Andersen សង្កត់ធ្ងន់ថា៖ «រថយន្តដែលត្រូវគេបោះចោល ត្រូវតែបោះចោល ឬកែច្នៃឡើងវិញ និងប្រើប្រាស់ក្នុងគោលដៅផ្សេង មិនមែនយកទៅទីផ្សារដែលអាចបង្កគ្រោះថ្នាក់ ប៉ះពាល់ដល់បរិស្ថាននិងចរាចរណ៍លើផ្លូវថ្នល់នោះទេ»។
សូមជម្រាបថា អង្គការUNEP រកឃើញថា រថយន្តមួយទឹកដែលត្រូវបាននាំចេញទៅប្រទេសកំពុងអភិវឌ្ឍន៍ជាទូទៅមិនមានសុវត្ថិភាព និងជាមូលហេតុនៃការបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏ច្រើន។ អង្គការ WHO បានចាត់ទុកតំបន់អនុសាហារ៉ានៅអាហ្វ្រិក ថាជាទីក្រុងដែលមានការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនបំផុតក្នុងពិភពលោក។ អង្គការនេះរាយការណ៍ថា ប្រទេសអាហ្វ្រិកមានអត្រាមរណៈចំនួន២៦,៦ក្នុងចំណោមគ្រោះថ្នាក់១០០.០០០លើក បើប្រៀបធៀបទៅអឺរ៉ុបដែលមានអត្រាមរណៈចំនួន៩,៣ក្នុងចំណោមគ្រោះថ្នាក់១០០.០០០លើក។
គួរបញ្ជាក់ថា របាយការណ៍នេះរកឃើញថា ប្រទេសអាហ្វ្រិកជាច្រើនមានស្តង់ដារគុណភាពទាប ដូចជាប្រទេសម៉ារ៉ុក អាល់ហ្សេរី កូឌីវ័រ ហ្គាណា និងប្រទេសម៉ូរីសជាដើម។ កាលពីខែកញ្ញា អង្គការ UNEP បានកត់សម្គាល់ថាសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកខាងលិចនឹងអនុវត្តស្តង់ដាររថយន្ត និងប្រេងឥន្ធនៈស្អាតជាងមុន ចាប់ពីខែមករា ឆ្នាំ២០២១ តទៅ៕ដោយ៖ស តារា