ព័ត៌មានទាន់ហេតុការណ៍៖

បាញ់កាំជ្រួចភ្ញីភ្លើងអបអរជ័យជម្នះ ក្រោយការទន្ទឹងរង់ចាំលទ្ធផលបោះឆ្នោតយ៉ាងអន្ទះសា

ចែករំលែក៖

ការបោះឆ្នោតអាមេរិកអាចនិយាយបានថា ជាការបោះឆ្នោត​មានលទ្ធផលយឺតបំផុត​មិនធ្លាប់មានពីមុនមក។ ការបោះឆ្នោតអាមេរិក លើកមុនៗ ក្រោយបិទបញ្ចប់ការិយាល័យប៉ុន្មានម៉ោងនឹងដឹងលទ្ធផលឈ្នះចាញ់ហើយ ឬយឺតបំផុតមួយថ្ងៃ ។ តែការបោះឆ្នោតឆ្នាំ​២០២០នេះ តាំងពិថ្ងៃទី​៣ខែវិច្ឆិកា​ រហូតដល់យប់ថ្ងៃទី​៧ឈានចូលទី​៨ខែវិច្ឆិកាទើបដឹងលទ្ធផល​។
មុនពេលកាំជ្រួចភ្ញីភ្លើងបានបាញ់ឡើងទៅលើអាកាសអបអរ លោកបៃឌិន និងលោកស្រីហារីស​បានបង្ហាញវត្តមានដោយពាក់ម៉ាស់ការពារកូវីដ-១៩ឡើងលើឆាកអបអរសាទរ​ ។ នៅទីក្រុង Wilmington រដ្ឋ​ Delaware ​លោកបៃឌិនប្រកាសទៅកាន់ក្រុមអ្នកគាំទ្រលោកត្រាំថា «ខ្ញុំយល់ពីការខកចិត្តពេលចាញ់​។ ខ្លួនខ្ញុំក៏ធ្លាប់ចាញ់ជាច្រើនលើកមកហើយ​ដែរ តែពេលនេះសូមផ្តល់ឱកាសដល់គ្នាម្នាក់ម្តង បោះបង់ចោលវិវាទ រួមគ្នាជាថ្មី យើងមិនមែនជាសត្រូវនឹងគ្នាឡើយ យើងជាពលរដ្ឋអាមេរិក»។
ចំណែកលោកស្រី Kamala Harrisបានប្រកាសថា​«លទ្ធិប្រជាធិបតេយ្យ​មិនមែនពេលណាក៏បានធានានោះឡើយ ប្រជាធិបតេយ្យខ្លាំងលុះត្រា​តែយើងតស៊ូការពារវា​។ សូមការពារ​លទ្ធិប្រជាធិបតេយ្យឲ្យបានល្អបំផុត»។
កាំជ្រួចភ្ញីភ្លើងយ៉ាងស្រស់ស្អាតអបអរជ័យជម្នះរបស់លោក បៃឌិន និងលោកស្រី ហារីស ហើយនេះជាពេលវេលាស្រស់ស្អាតបំផុតក្នុងឆាកជីវិតនយោបាយរបស់លោកបៃឌិន​ រយៈពេល​៥០ឆ្នាំកន្លងមក៕ដោយ៖ធី រីណា


ចែករំលែក៖