ភ្នំពេញ៖ ក្នុងគោលបំណងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានលើកឡើងថា ទាំងផ្សាររដ្ឋនិងឯកជនទាំងអស់ក្នុងខណ្ឌនេះ នឹងត្រូវធ្វើការឹតបន្តឹងនូវវិធានការប្រយុទ្ធប្រឆាំងមេរោគកូវីដ–១៩ ដែលស្របតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារនៃរដ្ឋបាលខណ្ឌដូនពេញ បាននាំយកម៉ាសមុខចំនួន០១ម៉ឺន ដែលទទួលបានពីរាជរដ្ឋាភិបាល ដើម្បីផ្តល់ជូនបន្តទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យចំគោលដៅដើម្បីចូលរួមការពារសុវត្ថិភាព។
ក្នុងឱកាសនេះ លោក សុខ ពេញវុធ អភិបាលខណ្ឌ បានមានប្រសាសន៍ថាផ្សាររដ្ឋធំៗចំនួនបី និងផ្សារទំនើបឯកជនជាច្រើនទៀតត្រូវបានណែនាំឲ្យមានការវាស់កម្តៅ លាងសម្អាតដៃ បាញ់ទឹកអាកុល និងពាក់មាស់ឱ្យបានគ្រប់ពេលវេលាជាដើមដល់អតិថិជនទាំងភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីបង្ការនិងទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈដែលមេរោគនេះបានកំពុងបង្កហានិភ័យខ្ពស់ក្នុងតំបន់មួយចំនួននៅរាជធានីភ្នំពេញ បន្ទាប់ពីមានព្រឹត្តិការ ៣វិច្ឆិកា។
បច្ចុប្បន្ន បើគិតមកដល់ពេលនេះ ប្រទេសកម្ពុជា អ្នកផ្ទុកមេរោគកូវីដ–១៩សរុបចំនួន៣០១នាក់ អ្នកជាសះស្បើយមានចំនួន២៨៨នាក់ ក្នុងនោះនៅសល់១៣នាក់ទៀត បានកំពុងសម្រាក់ព្យាបាលបន្ត៕
ដោយ៖ស តារា