ភ្នំពេញ៖ អង្ករចំនួន១០០តោន ដែលគិតជាទឹកប្រាក់ប្រមាណ៥៥ពាន់ដុល្លារ របស់សប្បុរសជនបានផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានី បានចាត់ចែងបន្តជូនទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះដោយទឹកជំនន់ និងចូលរួមក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ។
ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា អំណោយដែលបានប្រគល់ជូនរដ្ឋបាលភ្នំពេញខាងលើនេះ មានអង្ករចំនួន១០០តោន ដែលគិតជាទឹកប្រាក់ប្រមាណ៥ម៉ឺន៥ពាន់ដុល្លារ ។
លោក ឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានផ្ដល់អំណោយជាសប្បុរសធម៏ តែងតែរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះដោយទឹកជំនន់ និងចូលរួមផ្តល់ជាឧបករណ៍និងថវិកាក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ។
លោកបានបញ្ជាក់ថា៖ រាល់អំណោយរបស់សប្បុរសជនទាំងអស់ដែលបានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តយកទៅបែងចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះពិតប្រាកដ ។
តំណាងសប្បុរសជនបានបញ្ជាក់ឱ្យដឹងថា អង្ករចំនួន១០០តោន គិតជាទឹកប្រាក់ប្រមាណ៥ម៉ឺន៥ពាន់ដុល្លារ ដែលបានផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីឲ្យរដ្ឋបាលរាជធានីបានចាត់ចែងបន្ត ជូនទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាមួយនឹងការចូលរួមក្នុងការទប់ស្កាត់ការឆ្លង នៃជំងឺកូវីដ-១៩ផងដែរ ៕ដោយ៖សំរិត